2 កូនមនុស្សអើយ ចូរតាំងមុខទាស់នឹងស្រុកភ្នំសៀរ ចូរទាយទាស់នឹងវាថា
3 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ នែស្រុកភ្នំសៀរអើយ អញទាស់នឹងឯង អញនឹងលូកដៃអញទៅលើឯង ព្រមទាំងធ្វើឲ្យឯងទៅជាស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង
4 អញនឹងឲ្យទីក្រុងទាំងប៉ុន្មានរបស់ឯងខូចបង់ទៅ ហើយឯងនឹងត្រូវចោលស្ងាត់ នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
5 ពីព្រោះឯងបានព្យាបាទជានិច្ច ក៏បានប្រគល់ពួកកូនចៅអ៊ីស្រាអែល ដល់អំណាចនៃដាវ នៅថ្ងៃដែលគេមានសេចក្ដីអន្តរាយ គឺក្នុងកាលដែលសេចក្ដីទុច្ចរិតបានដល់កំណត់ហើយ
6 ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ប្រាកដជាអញនឹងត្រៀមឯងទុកដល់គ្រាខ្ចាយឈាម ហើយឈាមនឹងដេញតាមឯងទៅ ដោយព្រោះឯងមិនបានស្អប់ឈាមទេ នោះឈាមនឹងដេញតាមឯងជាពិត
7 គឺយ៉ាងនោះដែលអញនឹងធ្វើឲ្យភ្នំសៀរទៅជាទីស្រឡាំងកាំង ហើយឲ្យត្រូវស្ងាត់ជ្រងំ ឯអស់អ្នកណាដែលដើរកាត់ស្រុកនោះ នឹងពួកអ្នកដែលត្រឡប់មកវិញ នោះអញនឹងកាត់គេចេញ
8 អញនឹងបំពេញអស់ទាំងភ្នំដោយសាកសពនៃមនុស្សដែលត្រូវសំឡាប់ ពួកអ្នកដែលត្រូវស្លាប់ដោយដាវ គេនឹងដួលនៅលើភ្នំតូច នៅច្រកភ្នំហើយនៅក្នុងផ្លូវទឹកទាំងប៉ុន្មានរបស់ឯង