5 ពីព្រោះឯងបានព្យាបាទជានិច្ច ក៏បានប្រគល់ពួកកូនចៅអ៊ីស្រាអែល ដល់អំណាចនៃដាវ នៅថ្ងៃដែលគេមានសេចក្ដីអន្តរាយ គឺក្នុងកាលដែលសេចក្ដីទុច្ចរិតបានដល់កំណត់ហើយ
6 ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ប្រាកដជាអញនឹងត្រៀមឯងទុកដល់គ្រាខ្ចាយឈាម ហើយឈាមនឹងដេញតាមឯងទៅ ដោយព្រោះឯងមិនបានស្អប់ឈាមទេ នោះឈាមនឹងដេញតាមឯងជាពិត
7 គឺយ៉ាងនោះដែលអញនឹងធ្វើឲ្យភ្នំសៀរទៅជាទីស្រឡាំងកាំង ហើយឲ្យត្រូវស្ងាត់ជ្រងំ ឯអស់អ្នកណាដែលដើរកាត់ស្រុកនោះ នឹងពួកអ្នកដែលត្រឡប់មកវិញ នោះអញនឹងកាត់គេចេញ
8 អញនឹងបំពេញអស់ទាំងភ្នំដោយសាកសពនៃមនុស្សដែលត្រូវសំឡាប់ ពួកអ្នកដែលត្រូវស្លាប់ដោយដាវ គេនឹងដួលនៅលើភ្នំតូច នៅច្រកភ្នំហើយនៅក្នុងផ្លូវទឹកទាំងប៉ុន្មានរបស់ឯង
9 អញនឹងធ្វើឲ្យឯងនៅស្ងាត់ច្រៀបជានិច្ចតទៅ ទីក្រុងទាំងប៉ុន្មានរបស់ឯងនឹងគ្មានមនុស្សណានៅទៀតឡើយ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
10 ហេតុដោយព្រោះឯងបានថា សាសន៍ទាំង២ និងស្រុកទាំង២នោះ នឹងបានជារបស់ផងអញ យើងនឹងចាប់បានជារបស់ផងយើង ទោះបើព្រះយេហូវ៉ាទ្រង់គង់នៅទីនោះក៏ដោយ
11 បានជាព្រះយេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ប្រាកដជាអញនឹងសំរេចតាមសេចក្ដីកំហឹងរបស់ឯង ហើយតាមសេចក្ដីច្រណែនដែលឯងបានសំដែងចេញ ដោយចិត្តគុំគួនដល់គេ អញនឹងធ្វើឲ្យមនុស្សស្គាល់អញនៅកណ្តាលពួកគេ ក្នុងកាលដែលអញជំនុំជំរះឯង