12 អើ អញនឹងឲ្យមានមនុស្សដើរលើឯង គឺអ៊ីស្រាអែលជារាស្ត្ររបស់អញ គេនឹងបានឯងជារបស់ផងគេ ហើយឯងនឹងបានជាមរដកដល់គេ នោះឯងនឹងមិនធ្វើឲ្យគេព្រាត់ប្រាសកូនទៀតឡើយ
13 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះគេនិយាយពីឯងថា ឯងជាស្រុកដែលលេបមនុស្សបាត់ ហើយបំរាសកូនរបស់សាសន៍ឯង
14 ដូច្នេះ ឯងនឹងលែងលេបមនុស្សបាត់តទៅ ក៏មិនបំរាសកូនរបស់សាសន៍ឯងទៀតឡើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
15 អញក៏មិនឲ្យឯងឮពាក្យត្មះតិះដៀលរបស់សាសន៍ដទៃទាំងប៉ុន្មានទៀតដែរ ឯងមិនត្រូវរងទ្រាំសេចក្ដីប្រមាថមើលងាយរបស់គេតទៅ ឯងនឹងមិនធ្វើជាហេតុ ឲ្យសាសន៍របស់ឯង ចំពប់ដួលទៀតឡើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
16 ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំម្តងទៀតថា
17 កូនមនុស្សអើយ កាលពួកវង្សអ៊ីស្រាអែលបាននៅក្នុងស្រុករបស់ខ្លួន នោះគេបានបង្អាប់ស្រុកនោះ ដោយផ្លូវប្រព្រឹត្ត និងកិរិយារបស់ខ្លួន ផ្លូវដែលគេប្រព្រឹត្តនៅមុខអញ ប្រៀបដូចជាសេចក្ដីស្មោកគ្រោកនៃស្រីដែលមានរដូវ
18 ហេតុនោះបានជាអញចាក់សេចក្ដីក្រោធរបស់អញទៅលើគេ គឺដោយព្រោះឈាមដែលគេបានកំចាយនៅក្នុងស្រុក ហើយដោយព្រោះគេបានបង្អាប់ស្រុក ដោយរូបព្រះរបស់គេ