13 នេះជាដង្វាយដែលឯងរាល់គ្នាត្រូវថ្វាយ គឺក្នុងស្រូវភោជ្ជសាលី ១ហូមើរ ត្រូវថ្វាយ១ភាគក្នុង៦ក្នុង១អេផា ហើយក្នុងស្រូវឱក១ហូមើរ ត្រូវថ្វាយ១ភាគក្នុង៦ក្នុង១អេផាដែរ
14 ឯកំណត់ប្រេងដែលត្រូវថ្វាយ ក្នុងប្រេង១បាថ នោះគឺក្នុង១គ័រត្រូវថ្វាយ១ភាគក្នុង៥ក្នុង១បាថ ឯ១គ័រ នោះស្មើនឹង១ហូមើរ គឺត្រូវជា១០បាថ ដ្បិត១០បាថត្រូវជា១ហូមើរដែរ
15 ឯហ្វូងចៀម នោះត្រូវយក១ក្នុង២០០ ដែលរកស៊ីនៅវាលស្មៅយ៉ាងល្អនៅស្រុកអ៊ីស្រាអែលមកថ្វាយ ព្រមទាំងដង្វាយម្សៅ ដង្វាយដុត និងដង្វាយមេត្រី ដើម្បីឲ្យបានធួននឹងគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
16 បណ្តាជនទាំងឡាយនៅក្នុងស្រុក ត្រូវច្រាក់គ្នាថ្វាយដង្វាយនេះសំរាប់ចៅហ្វាយនៃសាសន៍អ៊ីស្រាអែល
17 ឯដង្វាយដុត ដង្វាយម្សៅ និងដង្វាយច្រួច នៅថ្ងៃបុណ្យ នៅថ្ងៃដើមខែ ហើយនៅថ្ងៃឈប់សំរាក គឺនៅគ្រប់ទាំងបុណ្យមានកំណត់របស់ពួកវង្សអ៊ីស្រាអែល នោះស្រេចនៅលើចៅហ្វាយវិញ លោកត្រូវរៀបចំដង្វាយសំរាប់លោះបាប ដង្វាយម្សៅ ដង្វាយដុត និងដង្វាយមេត្រី ដើម្បីឲ្យបានធួននឹងពួកវង្សសាសន៍អ៊ីស្រាអែល។
18 ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា លុះដល់ថ្ងៃទី១ ក្នុងខែដំបូង នោះត្រូវឲ្យឯងយកគោឈ្មោលស្ទាវ១ឥតខ្ចោះ ហើយត្រូវសំអាតទីបរិសុទ្ធ
19 ឯសង្ឃត្រូវយកឈាមដង្វាយលោះបាបនោះ ទៅប្រឡាក់នៅក្របទ្វារព្រះវិហារ ហើយនៅគន្លាក់នៃអាសនាទាំង៤ជ្រុង ព្រមទាំងនៅក្របទ្វារកំផែងនៃទីលានខាងក្នុងផង