អេសេគាល 45:16-22 KHOV

16 បណ្តា‌ជន​ទាំង‌ឡាយ​នៅ​ក្នុង​ស្រុក ត្រូវ​ច្រាក់​គ្នា​ថ្វាយ​ដង្វាយ​នេះ​សំរាប់​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល

17 ឯ​ដង្វាយ​ដុត ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច នៅ​ថ្ងៃ​បុណ្យ នៅ​ថ្ងៃ​ដើម​ខែ ហើយ​នៅ​ថ្ងៃ​ឈប់​សំរាក គឺ​នៅ​គ្រប់​ទាំង​បុណ្យ​មាន​កំណត់​របស់​ពួក​វង្ស​អ៊ីស្រា‌អែល នោះ​ស្រេច​នៅ​លើ​ចៅ‌ហ្វាយ​វិញ លោក​ត្រូវ​រៀប‌ចំ​ដង្វាយ​សំរាប់​លោះ​បាប ដង្វាយ​ម្សៅ ដង្វាយ​ដុត និង​ដង្វាយ​មេត្រី ដើម្បី​ឲ្យ​បាន​ធួន​នឹង​ពួក​វង្ស​សាសន៍​អ៊ីស្រា‌អែល។

18 ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា លុះ​ដល់​ថ្ងៃ​ទី​១ ក្នុង​ខែ​ដំបូង នោះ​ត្រូវ​ឲ្យ​ឯង​យក​គោ​ឈ្មោល​ស្ទាវ​១​ឥត​ខ្ចោះ ហើយ​ត្រូវ​សំអាត​ទី​បរិសុទ្ធ

19 ឯ​សង្ឃ​ត្រូវ​យក​ឈាម​ដង្វាយ​លោះ​បាប​នោះ ទៅ​ប្រឡាក់​នៅ​ក្រប​ទ្វារ​ព្រះ‌វិហារ ហើយ​នៅ​គន្លាក់​នៃ​អាស‌នា​ទាំង​៤​ជ្រុង ព្រម​ទាំង​នៅ​ក្រប​ទ្វារ​កំផែង​នៃ​ទីលាន​ខាង​ក្នុង​ផង

20 ហើយ​នៅ​ថ្ងៃ​ទី​៧​ខែ​នោះ ត្រូវ​ធ្វើ​ដូច​គ្នា​ទៀត សំរាប់​អស់​អ្នក​ណា​ដែល​វង្វេង​ចេញ ហើយ​សំរាប់​អ្នក​ណា​ដែល​ខ្លៅ​ល្ងង់​ដែរ យ៉ាង​នោះ​ឯង​នឹង​បាន​ធួន​នឹង​ព្រះ‌វិហារ។

21 លុះ​ដល់​ថ្ងៃ​១៤​ក្នុង​ខែ​ដំបូង នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​បុណ្យ​រំលង ជា​បុណ្យ​ដែល​ត្រូវ​ធ្វើ​អស់​៧​ថ្ងៃ ហើយ​ត្រូវ​ស៊ី​តែ​នំបុ័ង​ឥត​ដំបែរ​ម្យ៉ាង

22 នៅ​ថ្ងៃ​នោះ ចៅ‌ហ្វាយ​ត្រូវ​រៀប‌ចំ​គោ​ឈ្មោល​១ ទុក​ជា​ដង្វាយ​លោះ​បាប សំរាប់​ខ្លួន​លោក និង​បណ្តា‌ជន​នៅ​ក្នុង​ស្រុក​ដែរ