១ ពង្សាវតារក្សត្រ 11:17-23 KHOV

17 គ្រា​នោះ ហាដាឌ់​បាន​រត់​រួច ព្រម​ទាំង​សាសន៍​អេដំម​ខ្លះ ដែល​ជា​អ្នក​បំរើ​របស់​ឪពុក​លោក​ដែរ ក៏​រត់​ទៅ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​ហាដាឌ់​នៅ​ជា​កុមារ​តូច​នៅ​ឡើយ

18 គេ​នាំ​គ្នា​ចេញ​ពី​ស្រុក​ម៉ាឌាន​ទៅ​ដល់​ស្រុក​ប៉ារ៉ាន ក៏​នាំ​យក​មនុស្ស​ខ្លះ​ពី​ប៉ារ៉ាន ទៅ​ជា​មួយ​នឹង​គេ ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ គាល់​ផារ៉ោន ជា​ស្តេច​ស្រុក​នោះ ហើយ​ទ្រង់​ក៏​ប្រទាន​ផ្ទះ​១​ឲ្យ​លោក​នៅ និង​ស្រែ​ចំការ​ដែរ ព្រម​ទាំង​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ផង

19 ឯ​ហាដាឌ់ បាន​ប្រកប​ដោយ​គុណ​របស់​ផារ៉ោន​យ៉ាង​ធំ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ប្អូន​របស់​ភរិយា​ទ្រង់ គឺ​ជា​ប្អូន​នាង​ថាផ្នេស ដែល​ជា​អគ្គ‌មហេសី ឲ្យ​ធ្វើ​ជា​ប្រពន្ធ​លោក

20 ប្អូន​របស់​នាង​ថាផ្នេស​ក៏​បង្កើត​កូន​ប្រុស​១​ឲ្យ​លោក ឈ្មោះ​ថា កេនូ‌បាត ហើយ​នាង​ថាផ្នេស​ក៏​ផ្តាច់​ដោះ នៅ​ក្នុង​ដំណាក់​ផារ៉ោន រួច​កេនូ‌បាត​បាន​នៅ​ក្នុង​ដំណាក់​ផារ៉ោន ជា​មួយ​នឹង​ព្រះ‌រាជ‌បុត្រ​នៃ​ស្តេច

21 ក្រោយ​មក កាល​ហាដាឌ់​បាន​ឮ​នៅ​ស្រុក​អេស៊ីព្ទ​ថា ដាវីឌ​បាន​ផ្ទំ​លក់​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ហើយ ព្រម​ទាំង​យ៉ូអាប់​ជា​មេ‌ទ័ព​ដែរ នោះ​ហាដាឌ់​ទូល​ផារ៉ោន​ថា សូម​ឲ្យ​ទូល‌បង្គំ​ត្រឡប់​ទៅ​ឯ​ស្រុក​ទូល‌បង្គំ​វិញ

22 តែ​ផារ៉ោន​មាន​ព្រះ‌បន្ទូល​សួរ​ថា នៅ​ជា​មួយ​នឹង​យើង​នេះ តើ​ឯង​មាន​ខ្វះ‌ខាត​អ្វី បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ​ដូច្នេះ លោក​ទូល​ឆ្លើយ​ថា គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែ​សូម​ឲ្យ​តែ​ទូល‌បង្គំ​បាន​ទៅ​ចុះ។

23 ព្រះ​ក៏​បណ្តា​ឲ្យ​មាន​អ្នក​តតាំង​នឹង​ទ្រង់​ម្នាក់​ទៀត គឺ​ឈ្មោះ​រេសោន ជា​កូន​អេលី‌យ៉ាដា ជា​អ្នក​ដែល​បាន​រត់​ពី​ហាដា-រេស៊ើរ ជា​ស្តេច​សូបា ចៅ‌ហ្វាយ​របស់​ខ្លួន