23 ព្រះក៏បណ្តាឲ្យមានអ្នកតតាំងនឹងទ្រង់ម្នាក់ទៀត គឺឈ្មោះរេសោន ជាកូនអេលីយ៉ាដា ជាអ្នកដែលបានរត់ពីហាដា-រេស៊ើរ ជាស្តេចសូបា ចៅហ្វាយរបស់ខ្លួន
24 អ្នកនោះក៏ប្រមូលមនុស្សមកតាមខ្លួន ហើយបានធ្វើជាមេទ័ពលើពួកនោះ ក្នុងគ្រាដែលដាវីឌបានសំឡាប់ពួកសូបា រួចគេទៅអាស្រ័យនៅក្រុងដាម៉ាស ហើយបានគ្រប់គ្រងនៅទីនោះ
25 អ្នកនោះក៏ទាស់ទទឹងនឹងសាសន៍អ៊ីស្រាអែល រហូតដល់អស់ព្រះជន្មនៃសាឡូម៉ូន នេះជាការប្រទូសរ៉ាយ ក្រៅពីការដែលហាដាឌ់បានធ្វើ ឯរេសោនបានស្អប់ខ្ពើមដល់សាសន៍អ៊ីស្រាអែល ក៏សោយរាជ្យលើស្រុកស៊ីរី។
26 ឯយេរ៉ូបោម កូននេបាត ជាពួកអេប្រាអិម ពីស្រុកសេរេដា ជាអ្នកបំរើសាឡូម៉ូន ដែលម្តាយជាស្រីមេម៉ាយឈ្មោះសេរូអា នោះក៏បានលើកដៃឡើងទាស់នឹងស្តេចដែរ
27 ហើយហេតុដែលលើកដៃទាស់នឹងស្តេច នោះគឺពីព្រោះសាឡូម៉ូនទ្រង់បានសង់ប៉មមីឡូរ ព្រមទាំងជួសជុលទីបាក់បែកនៃកំផែងទីក្រុងរបស់ដាវីឌ ជាព្រះបិតាទ្រង់
28 យេរ៉ូបោមនេះ ជាអ្នកក្លាហានស្ទាត់ជំនាញ សាឡូម៉ូនទ្រង់ឃើញថា អ្នកកំឡោះនេះមានចិត្តឧស្សាហ៍ធ្វើការ បានជាទ្រង់តាំងឲ្យត្រួតលើការទាំងអស់ របស់ពូជពង្សយ៉ូសែប
29 នៅគ្រានោះ មានកាល១ថ្ងៃយេរ៉ូបោមចេញពីក្រុងយេរូសាឡិមទៅ ហើយហោរាអ័ហ៊ីយ៉ាជាពួកក្រុងស៊ីឡូរ ក៏ប្រទះនឹងលោកនៅកណ្តាលផ្លូវ មានតែគ្នា២នាក់នៅកណ្តាលវាលនោះ