១ ពង្សាវតារក្សត្រ 11:33-39 KHOV

33 ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​អញ ហើយ​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌អាស‌ថារ៉ូត ជា​ព្រះ​នៃ​សាសន៍​ស៊ីដូន និង​កេម៉ូស ជា​ព្រះ​នៃ​សាសន៍​ម៉ូអាប់ ហើយ​មីលកូម ជា​ព្រះ​នៃ​ពួក​កូន​ចៅ​អាំម៉ូន​វិញ គេ​មិន​បាន​ដើរ​តាម​ផ្លូវ​អញ ដើម្បី​នឹង​ប្រព្រឹត្ត​សេចក្តី​ដែល​ទៀង​ត្រង់​នៅ​ភ្នែក​អញ ហើយ​កាន់​តាម​បញ្ញត្ត និង​សេចក្តី​យុត្តិ‌ធម៌​របស់​អញ ដូច​ជា​ដាវីឌ ជា​បិតា​ទ្រង់​ទេ

34 ប៉ុន្តែ​អញ​មិន​យក​រាជ្យ​ទាំង​មូល​ពី​ដៃ​ទ្រង់​ទេ គឺ​នឹង​ឲ្យ​ទ្រង់​ធ្វើ​ជា​ស្តេច រហូត​ដល់​អស់​ព្រះ‌ជន្ម ដោយ​ព្រោះ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ​ដែល​អញ​បាន​រើស ជា​អ្នក​ដែល​បាន​កាន់​តាម​បញ្ញត្ត និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​អញ

35 អញ​នឹង​យក​រាជ្យ​ពី​ដៃ​របស់​បុត្រ​ទ្រង់​វិញ ហើយ​នឹង​ឲ្យ​ពូជ​អំបូរ​១០​មក​ឯង

36 ឯ​បុត្រ​របស់​ទ្រង់ អញ​នឹង​ឲ្យ​ពូជ​អំបូរ​១ ដើម្បី​ឲ្យ​ដាវីឌ ជា​អ្នក​បំរើ​អញ បាន​ចង្កៀង​១​ភ្លឺ​ជា​ដរាប នៅ​ចំពោះ​អញ ក្នុង​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​អញ​បាន​រើស​សំរាប់​តាំង​ឈ្មោះ​អញ

37 អញ​នឹង​យក​ឯង​តាំង​ឡើង ហើយ​ឯង​នឹង​គ្រប់‌គ្រង​តាម​បំណង​ចិត្ត ព្រម​ទាំង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល

38 ដូច្នេះ បើ​ឯង​នឹង​ស្តាប់​តាម​គ្រប់​ទាំង​សេចក្តី​ដែល​អញ​បង្គាប់ ហើយ​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្តី​ដែល​ត្រឹម‌ត្រូវ​នៅ​ភ្នែក​អញ ដោយ​កាន់​តាម​បញ្ញត្ត និង​ក្រឹត្យ‌ក្រម​របស់​អញ ដូច​ជា​ដាវីឌ ជា​អ្នក​បំរើ​អញ​ដែរ នោះ​អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ហើយ​នឹង​តាំង​ជំនួរ​វង្ស​ឯង​ឡើង​ឲ្យ​ខ្ជាប់‌ខ្ជួន ដូច​ជា​អញ​បាន​តាំង​ឲ្យ​ដាវីឌ​ដែរ អញ​នឹង​ប្រគល់​ពួក​អ៊ីស្រា‌អែល​ឲ្យ​ដល់​ឯង

39 អញ​នឹង​ផ្ចាញ់‌ផ្ចាល​វង្សា​ដាវីឌ​ដោយ‌សារ​ការ​នោះ តែ​មិន​មែន​ជា​ដរាប​ទេ