25 ក្រោយនោះមក យេរ៉ូបោមទ្រង់សង់ក្រុងស៊ីគែម នៅស្រុកភ្នំអេប្រាអិម រួចទ្រង់គង់នៅទីនោះ ហើយចេញពីទីនោះទៅសង់ក្រុងពេនួលទៀត។
26 យេរ៉ូបោមទ្រង់ព្រះដំរិះក្នុងព្រះទ័យថា រាជ្យនេះនឹងត្រឡប់ទៅឯរាជវង្សដាវីឌវិញ
27 បើសិនជាបណ្តាជនទាំងនេះ ចេះតែឡើងទៅថ្វាយយញ្ញបូជា ក្នុងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម នោះចិត្តគេនឹងវិលត្រឡប់ ទៅឯចៅហ្វាយគេវិញគឺឯរេហូបោម ជាស្តេចស្រុកយូដា គេនឹងសំឡាប់អញបង់ ហើយត្រឡប់ទៅគោរពតាមរេហូបោម ជាស្តេចស្រុកយូដា
28 ដូច្នេះ ស្តេចទ្រង់ក៏ជំនុំការ រួចធ្វើរូបកូនគោមាស២ ហើយមានព្រះបន្ទូលថា ឱអ៊ីស្រាអែលអើយ ឯងរាល់គ្នាបានឡើងទៅឯក្រុងយេរូសាឡិម ជាយូរណាស់ហើយ ឥឡូវនេះ មើល នេះនែ ព្រះរបស់ឯង ដែលបាននាំឯងរាល់គ្នា ឡើងចេញពីស្រុកអេស៊ីព្ទមក
29 ទ្រង់ក៏តម្កល់ទុក១នៅក្រុងបេត-អែល ហើយ១ទៀតនៅក្រុងដាន់
30 ដំណើរនោះក៏ត្រឡប់ជាហេតុឲ្យមានបាបឡើង ពីព្រោះពួកជនទាំងឡាយ គេខំទៅថ្វាយបង្គំ នៅចំពោះរូប១នោះ ដែលនៅក្រុងដាន់
31 ទ្រង់ក៏ស្អាងវិហារនៅលើទីខ្ពស់ទាំងប៉ុន្មាន ហើយបានយកមនុស្សពីបណ្តាជនទាំងឡាយ ដែលមិនមែនជាពូជលេវី តាំងឡើងឲ្យធ្វើជាសង្ឃ