16 ទ្រង់នឹងបោះបង់ពួកអ៊ីស្រាអែលចោល ដោយព្រោះអំពើបាបរបស់យេរ៉ូបោម ជាការដែលស្តេចបានធ្វើហើយ ព្រមទាំងនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបផង ដោយសារការនោះឯង។
17 ដូច្នេះ ភរិយារបស់យេរ៉ូបោមក៏ក្រោកឡើង យាងចេញទៅឯក្រុងធើសា កាលព្រះនាងបានដល់មាត់ទ្វារដំណាក់ហើយ បុត្រនោះក៏សុគតទៅ
18 រួចពួកអ៊ីស្រាអែលទាំងអស់គ្នាក៏បញ្ចុះសពទ្រង់ ហើយកាន់ទុក្ខតាមសេចក្តីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារហោរាអ័ហ៊ីយ៉ា ជាអ្នកបំរើទ្រង់។
19 រីឯដំណើរឯទៀតពីយេរ៉ូបោម គឺពីទ្រង់ធ្វើចំបាំងយ៉ាងណា ហើយសោយរាជ្យយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ
20 យេរ៉ូបោមបានសោយរាជ្យអស់២២ឆ្នាំ រួចក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយណាដាបព្រះរាជបុត្រាទ្រង់ ក៏សោយរាជ្យឡើងជំនួសបិតា។
21 ឯរេហូបោម ជាព្រះរាជបុត្រានៃសាឡូម៉ូន ទ្រង់បានសោយរាជ្យនៅស្រុកយូដា កាលរេហូបោមបានចាប់តាំងសោយរាជ្យឡើង នោះទ្រង់បានព្រះជន្ម៤១ឆ្នាំហើយ ក៏សោយរាជ្យបាន១៧ឆ្នាំ នៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះយេហូវ៉ា ទ្រង់បានរើសចេញ ពីពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអម្បាលម៉ាន សំរាប់ជាទីតាំងព្រះនាមទ្រង់ ឯមាតារេហូបោម ព្រះនាងនាមជាន៉ាអាម៉ា ជាសាសន៍អាំម៉ូន
22 ពួកយូដាក៏ប្រព្រឹត្តអាក្រក់លាមកនៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយគេបណ្តាលឲ្យទ្រង់មានសេចក្តីប្រចណ្ឌ ដោយសារអំពើបាប ដែលគេប្រព្រឹត្តលើសជាងពួកអយ្យកោរបស់គេទៅទៀត