22 ពួកយូដាក៏ប្រព្រឹត្តអាក្រក់លាមកនៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយគេបណ្តាលឲ្យទ្រង់មានសេចក្តីប្រចណ្ឌ ដោយសារអំពើបាប ដែលគេប្រព្រឹត្តលើសជាងពួកអយ្យកោរបស់គេទៅទៀត
23 ដ្បិតគេបានធ្វើទីខ្ពស់ បង្គោលសំរាប់គោរព និងរូបព្រះ សំរាប់ខ្លួនគេ នៅលើគ្រប់ទាំងកំពូលភ្នំ ហើយនៅក្រោមគ្រប់ទាំងដើមឈើខ្ចីៗ
24 ក៏តាំងឲ្យមានកូនជឹងនៅក្នុងស្រុកដែរ គេប្រព្រឹត្ត តាមអស់ទាំងអំពើគួរស្អប់ខ្ពើម របស់ពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាទ្រង់បានបណ្តេញ ពីមុខពួកកូនចៅអ៊ីស្រាអែលចេញ។
25 លុះឆ្នាំទី៥ ក្នុងរាជ្យស្តេចរេហូបោម នោះស៊ីសាកជាស្តេចស្រុកអេស៊ីព្ទ បានឡើងមកច្បាំងនឹងក្រុងយេរូសាឡិម
26 ក៏យកអស់ទាំងទ្រព្យសម្បត្តិ នៃព្រះវិហារព្រះយេហូវ៉ា និងទ្រព្យសម្បត្តិក្នុងដំណាក់ស្តេចទាំងអស់ទៅ ហើយយកទាំងខែលមាស ដែលសាឡូម៉ូនបានធ្វើផងដែរ
27 រួចមកស្តេចរេហូបោមទ្រង់ធ្វើខែលលង្ហិនជំនួសខែលទាំងនោះ ក៏ប្រគល់ទៅក្នុងអំណាចនៃមេទ័ព ដែលរក្សាមាត់ទ្វារដំណាក់ស្តេច
28 ដូច្នេះ កាលស្តេចទ្រង់យាងចូលទៅក្នុងព្រះវិហារព្រះយេហូវ៉ាវេលាណា នោះពួករក្សាអង្គក៏កាន់ខែលទាំងនោះ រួចយកទៅទុកក្នុងបន្ទប់របស់ពួករក្សាអង្គវិញ។