20 បេន-ហាដាឌ់ក៏ស្តាប់តាមស្តេចអេសា ទ្រង់ចាត់ពួកពលទ័ពទៅច្បាំងនឹងអស់ទាំងទីក្រុងនៅស្រុកអ៊ីស្រាអែល គេក៏វាយក្រុងអ៊ីយ៉ូន ក្រុងដាន់ និងក្រុងអេបិល-បេត-ម្អាកា ព្រមទាំងស្រុកគីនេរ៉ែតទាំងមូល ហើយស្រុកណែបថាលីទាំងអស់
21 កាលប្អាសាបានជ្រាប នោះទ្រង់ក៏លែងសង់ក្រុងរ៉ាម៉ា ទៅអាស្រ័យនៅឯក្រុងធើសាវិញ
22 គ្រានោះ ស្តេចអេសាទ្រង់ចេញព្រះរាជឱង្ការ ប្រកាសដល់ពួកយូដាទាំងអស់គ្នា ឥតប្រោសទុកអ្នកណាមួយឡើយ ហើយគេក៏ទៅយកទាំងថ្ម និងឈើ ដែលប្អាសាបានប្រើ ដើម្បីនឹងសង់ក្រុងរ៉ាម៉ាមក រួចស្តេចអេសាក៏យកទៅសង់ក្រុងកេបានៅខែត្របេនយ៉ាមីន ព្រមទាំងក្រុងមីសប៉ាវិញ។
23 រីឯដំណើរឯទៀត ពីអេសា និងអំណាចរបស់ទ្រង់ ហើយការដែលទ្រង់ធ្វើទាំងប៉ុន្មាន ព្រមទាំងទីក្រុងទាំងអស់ដែលទ្រង់បានសង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅជាពង្សាវតាររបស់ពួកស្តេចយូដាហើយ តែកាលស្តេចទ្រង់ព្រះជរាហើយ នោះក៏កើតព្រះរោគឡើងត្រង់ព្រះបាទ
24 អេសា ទ្រង់ក៏ផ្ទំលក់ទៅមួយនឹងពួកអយ្យកោទ្រង់ទៅ គេបញ្ចុះទ្រង់ នៅជាមួយនឹងពួកអយ្យកោទ្រង់ ក្នុងទីក្រុងរបស់ដាវីឌ ជាអយ្យកោ រួចយ៉ូសាផាត ជាព្រះរាជបុត្រាក៏សោយរាជ្យឡើងជំនួសបិតា។
25 លុះដល់ឆ្នាំទី២ ក្នុងរាជ្យអេសា ជាស្តេចស្រុកយូដា នោះណាដាប ជាព្រះរាជបុត្រាយេរ៉ូបោម ទ្រង់ចាប់តាំងសោយរាជ្យ នៅស្រុកអ៊ីស្រាអែល ទ្រង់គ្រងរាជ្យនៅស្រុកអ៊ីស្រាអែលបាន២ឆ្នាំ
26 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ហើយប្រតិបត្តិតាមផ្លូវ និងតាមអំពើបាបរបស់ព្រះបិតា ជាការដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ