39 ឯដំណើរឯទៀតពីអ័ហាប់ និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ ព្រមទាំងដំណាក់ភ្លុកដែលទ្រង់បានធ្វើ និងអស់ទាំងទីក្រុងដែលទ្រង់បានសង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
40 គឺយ៉ាងនោះ ដែលអ័ហាប់បានផ្ទំលក់ទៅ ជាមួយនឹងពួកអយ្យកោទ្រង់ រួចអ័ហាស៊ីយ៉ា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
41 រីឯនៅឆ្នាំទី៤ ក្នុងរាជ្យអ័ហាប់ ស្តេចអ៊ីស្រាអែល នោះយ៉ូសាផាត ជាកូនអេសា ក៏ចាប់តាំងសោយរាជ្យឡើងលើស្រុកយូដា
42 កាលយ៉ូសាផាតចាប់តាំងសោយរាជ្យ នោះទ្រង់មានព្រះជន្ម៣៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន២៥ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាអ័ស៊ូបា បុត្រីស៊ីលហ៊ី
43 ទ្រង់ក៏ដើរតាមគ្រប់ទាំងផ្លូវរបស់អេសា ជាព្រះបិតាទ្រង់ ឥតងាកបែរចេញឡើយ គឺបានប្រព្រឹត្តសេចក្តីដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ប៉ុន្តែមិនបានបំបាត់អស់ទាំងទីខ្ពស់ចេញទេ ពួកបណ្តាជនគេនៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ
44 យ៉ូសាផាតទ្រង់ក៏បានចងស្ពានមេត្រីនឹងស្តេចអ៊ីស្រាអែលដែរ។
45 រីឯដំណើរឯទៀតពីយ៉ូសាផាត និងអំណាចដែលទ្រង់បានសំដែង ហើយពីការសង្គ្រាមរបស់ទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ