41 រីឯនៅឆ្នាំទី៤ ក្នុងរាជ្យអ័ហាប់ ស្តេចអ៊ីស្រាអែល នោះយ៉ូសាផាត ជាកូនអេសា ក៏ចាប់តាំងសោយរាជ្យឡើងលើស្រុកយូដា
42 កាលយ៉ូសាផាតចាប់តាំងសោយរាជ្យ នោះទ្រង់មានព្រះជន្ម៣៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន២៥ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាអ័ស៊ូបា បុត្រីស៊ីលហ៊ី
43 ទ្រង់ក៏ដើរតាមគ្រប់ទាំងផ្លូវរបស់អេសា ជាព្រះបិតាទ្រង់ ឥតងាកបែរចេញឡើយ គឺបានប្រព្រឹត្តសេចក្តីដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ប៉ុន្តែមិនបានបំបាត់អស់ទាំងទីខ្ពស់ចេញទេ ពួកបណ្តាជនគេនៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ
44 យ៉ូសាផាតទ្រង់ក៏បានចងស្ពានមេត្រីនឹងស្តេចអ៊ីស្រាអែលដែរ។
45 រីឯដំណើរឯទៀតពីយ៉ូសាផាត និងអំណាចដែលទ្រង់បានសំដែង ហើយពីការសង្គ្រាមរបស់ទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
46 ឯសំណល់ពួកកូនជឹង ដែលនៅសល់ ពីក្នុងរាជ្យអេសា ជាព្រះបិតា នោះទ្រង់ក៏បណ្តេញគេចេញពីស្រុកទៅ
47 គ្រានោះ នៅស្រុកអេដំមគ្មានស្តេចទេ មានតែអ្នកតំណាងរាជការ ដែលកាន់កាប់ត្រួតត្រាប៉ុណ្ណោះ