១ ពង្សាវតារក្សត្រ 5:8-14 KHOV

8 ហ៊ីរ៉ាម​ក៏​ចាត់​គេ​ឲ្យ​ទៅ​ទូល​សាឡូ‌ម៉ូន​ថា ទូល‌បង្គំ​បាន​ឮ​សេចក្តី​ដែល​ទ្រង់​ផ្ញើ​ទៅ​ទូល‌បង្គំ​ហើយ ទូល‌បង្គំ​ទទួល​ធ្វើ​ឈើ​តាត្រៅ និង​ឈើ​កកោះ តាម​បំណង​ព្រះ‌ទ័យ​ទ្រង់​គ្រប់​ចំពូក

9 ពួក​បាវ​របស់​ទូល‌បង្គំ​នឹង​យក​ដុល​ឈើ​ចុះ​ពី​ភ្នំ​ល្បាណូន​ដល់​សមុទ្រ ចង​ជា​ក្បូន​បណ្តែត​ទៅ​តាម​សមុទ្រ រហូត​ដល់​កន្លែង​ណា​ដែល​ទ្រង់​កំណត់​ទុក រួច​ទូល‌បង្គំ​នឹង​ឲ្យ​គេ​ស្រាយ​ថ្វាយ​ដល់​ទ្រង់​នៅ​ទី​នោះ បើ​ទ្រង់​ចង់​ធ្វើ​សំរេច​តាម​បំណង​ចិត្ត​ទូល‌បង្គំ​វិញ នោះ​ត្រូវ​ឲ្យ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សំរាប់​ពួក​នៅ​ដំណាក់​ទូល‌បង្គំ​ផង

10 ដូច្នេះ ហ៊ីរ៉ាម​ក៏​ថ្វាយ​ឈើ​តាត្រៅ និង​ឈើ​កកោះ​ដល់​សាឡូ‌ម៉ូន តាម​បំណង​ព្រះ‌ទ័យ​ទ្រង់​គ្រប់​ចំពូក

11 ហើយ​សាឡូ‌ម៉ូន​ក៏​ថ្វាយ​ស្រូវ​ភោជ្ជ‌សាលី​២​ម៉ឺន​រង្វាល់ ដល់​ហ៊ីរ៉ាម ទុក​ជា​ស្បៀង​អាហារ​នៃ​ពួក​ដំណាក់​ទ្រង់ និង​ប្រេង​សំរាំង​២០​រង្វាល់ គឺ​យ៉ាង​នោះ​ដែល​សាឡូ‌ម៉ូន​បញ្ជូន​ទៅ​ហ៊ីរ៉ាម​រាល់ៗ​តែ​ឆ្នាំ

12 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រទាន​ឲ្យ​សាឡូ‌ម៉ូន​មាន​ប្រាជ្ញា ដូច​ជា​ទ្រង់​បាន​សន្យា ហើយ​ហ៊ីរ៉ាម និង​សាឡូ‌ម៉ូន​ក៏​មាន​មេត្រី​នឹង​គ្នា ព្រម​ទាំង​ចុះ​សញ្ញា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ផង។

13 ស្តេច​សាឡូ‌ម៉ូន​ទ្រង់​ក៏​កេណ្ឌ​មនុស្ស​ពី​គ្រប់​ក្នុង​ពួក​អ៊ីស្រា‌អែល បាន​ចំនួន​៣​ម៉ឺន​នាក់

14 រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​ភ្នំ​ល្បាណូន ដោយ​វេន​ក្នុង​១​ខែ ១​ម៉ឺន​នាក់ គឺ​គេ​នៅ​ឯ​ភ្នំ​ល្បាណូន​១​ខែ ហើយ​នៅ​ឯ​ផ្ទះ​២​ខែ មាន​អ័ដូ‌នី‌រ៉ាម​ជា​អ្នក​ត្រួត​លើ​ពួក​មនុស្ស ដែល​ត្រូវ​កេណ្ឌ​មក​ធ្វើ​ការ​នោះ