24 ទ្រង់បានកាន់តាមសេចក្តីសន្យា ដែលទ្រង់មានព្រះបន្ទូលនឹងដាវីឌ អ្នកបំរើទ្រង់ ជាបិតាទូលបង្គំ គឺទ្រង់បានមានព្រះបន្ទូលដោយព្រះឱស្ឋ ហើយបានសំរេចតាម ដោយសារព្រះហស្តទ្រង់ ដូចជាមានសព្វថ្ងៃនេះ
25 ដូច្នេះ ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមទ្រង់រក្សាសេចក្តីនេះទៀត ជាសេចក្តីដែលទ្រង់បានសន្យានឹងបិតាទូលបង្គំ គឺនឹងដាវីឌ ជាអ្នកបំរើទ្រង់ថា នឹងមិនដែលខានមានពូជឯងអង្គុយលើបល្ល័ង្ករាជ្យ របស់សាសន៍អ៊ីស្រាអែល នៅមុខអញឡើយ ឲ្យតែកូនចៅឯងបានប្រុងប្រយ័ត្ននឹងដើរតាមផ្លូវ នៅមុខអញ ដូចជាឯងបានដើរនោះដែរ
26 ដូច្នេះ ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ ឥឡូវនេះ សូមទ្រង់បញ្ជាក់ព្រះបន្ទូលនៃទ្រង់ ដែលទ្រង់បានមានព្រះបន្ទូលនឹងបិតាទូលបង្គំ គឺដាវីឌជាអ្នកបំរើទ្រង់ចុះ
27 យីអើ តើព្រះនឹងគង់លើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ានទៅទៀត
28 ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមទ្រង់ប្រោសមេត្តាទទួលពាក្យដែលទូលបង្គំ ជាបាវបំរើទ្រង់ អធិស្ឋាន ហើយទូលអង្វរ ដើម្បីនឹងស្តាប់តាមសំរែក និងសេចក្តីអធិស្ឋាន ដែលទូលបង្គំទូលសូមចំពោះទ្រង់នៅថ្ងៃនេះ
29 ប្រយោជន៍ឲ្យព្រះនេត្រទ្រង់ បានបើកទតមកឯព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺទតមើលមកទីកន្លែង ដែលទ្រង់បានមានព្រះបន្ទូលហើយថា ព្រះនាមទ្រង់នឹងនៅទីនេះ ដើម្បីនឹងស្តាប់សេចក្តីអធិស្ឋាន ដែលទូលបង្គំ ជាបាវបំរើទ្រង់នឹងទូលដំរង់មកឯទីនេះ
30 ហើយកាលណាទូលបង្គំ ជាបាវបំរើទ្រង់ និងពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ នឹងអធិស្ឋានដំរង់មកឯទីនេះ នោះសូមទ្រង់ស្តាប់សេចក្តីទូលអង្វរ របស់យើងខ្ញុំផង គឺសូមទ្រង់ស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ លុះកាលណាទ្រង់ព្រះសណ្តាប់ហើយ នោះសូមអត់ទោសឲ្យផង។