១ សាំយូអែល 15:20-26 KHOV

20 តែ​សូល​ទ្រង់​ឆ្លើយ​ប្រកែក​ថា ខ្ញុំ​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា​ហើយ គឺ​បាន​ដើរ​តាម​ផ្លូវ​ដែល​ទ្រង់​ចាត់​ខ្ញុំ​នោះ មើល ខ្ញុំ​បាន​នាំ​ទាំង​អ័កាក់ ជា​ស្តេច​នៃ​សាសន៍​អាម៉ា‌លេក​មក​ផង ឯ​ពួក​សាសន៍​អាម៉ា‌លេក​ទាំង​ប៉ុន្មាន នោះ​បាន​បំផ្លាញ​អស់​រលីង​ហើយ

21 ប៉ុន្តែ ពួក​ទ័ព​បាន​ចាប់​យក​របឹប ជា​ចៀម និង​គោ​ដែល​ជា​សំខាន់ៗ​ក្នុង​របស់​ទាំង​ប៉ុន្មាន ដែល​ត្រូវ​បំផ្លាញ​នោះ​មក ដើម្បី​នឹង​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​នៅ​ត្រង់​គីល‌កាល

22 សាំយូ‌អែល​ទូល​ឆ្លើយ​ថា តើ​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ដង្វាយ​ដុត ហើយ​នឹង​យញ្ញ‌បូជា ឲ្យ​ស្មើ​នឹង​ការ​ស្តាប់​តាម​ទ្រង់​ឬ​អី មើល ដែល​ស្តាប់​បង្គាប់ នោះ​វិសេស​លើស​ជាង​យញ្ញ‌បូជា ហើយ​ដែល​ផ្ទៀង​ត្រចៀក នោះ​ក៏​វិសេស​ជាង​ខ្លាញ់​នៃ​ចៀម​ឈ្មោល​ទៅ​ទៀត

23 ឯ​សេចក្តី​រឹង‌ទទឹង នោះ​ក៏​ជា​បាប​ដូច​ជា​ការ​មន្ត‌វិជ្ជា​ដែរ ហើយ​សេចក្តី​ចចេស​សោត ក៏​ដូច​ជា​អំពើ​អាក្រក់​ណា​មួយ ហើយ​នឹង​ការ​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ទ្រង់ មិន​ឲ្យ​ធ្វើ​ជា​ស្តេច​ទៀត ដោយ​ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល លែង​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ។

24 នោះ​សូល​ទ្រង់​ឆ្លើយ​ទៅ​សាំយូ‌អែល​ថា ខ្ញុំ​មាន​បាប​ហើយ ពី​ព្រោះ​ខ្ញុំ​បាន​រំលង​សេចក្តី​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា និង​ពាក្យ​របស់​លោក​ផង ដោយ​ខ្លាច​ដល់​ពួក​ជន ហើយ​បាន​ស្តាប់​តាម​គេ​វិញ

25 ដូច្នេះ សូម​ឲ្យ​លោក​អត់​ទោស​ខ្ញុំ​ឥឡូវ ហើយ​វិល​មក​ខាង​ខ្ញុំ​វិញ​ទៀត ដើម្បី​ឲ្យ​ខ្ញុំ​បាន​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ផង

26 តែ​សាំយូ‌អែល​ប្រកែក​ថា ទូល‌បង្គំ​មិន​ព្រម​វិល ទៅ​កាន់​ខាង​ទ្រង់​ទៀត​ទេ ពី​ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ ព្រះ‌យេហូវ៉ា​ក៏​បាន​បោះ‌បង់​ចោល​ទ្រង់ មិន​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ដែរ