1 ក្រោយដែលអ័ហាប់សុគតហើយ នោះសាសន៍ម៉ូអាប់ គេបះបោរនឹងពួកអ៊ីស្រាអែល
2 នៅខណៈនោះ អ័ហាស៊ីយ៉ាទ្រង់ធ្លាក់ ពីភ្នាក់ដៃរានជាន់លើ នៃដំណាក់នៅក្រុងសាម៉ារី ហើយក៏ទ្រង់ប្រឈួន នោះទ្រង់ប្រើគេឲ្យទៅ ដោយបង្គាប់ថា ចូរទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះនៃពួកអេក្រុន តើអញនឹងបានជាពីការឈឺនេះឬទេ
3 តែទេវតានៃព្រះយេហូវ៉ា ក៏មកប្រាប់អេលីយ៉ា ជាអ្នកស្រុកធេសប៊ីថា ចូរក្រោកឡើងទៅជួបនឹងពួកអ្នក ដែលស្តេចក្រុងសាម៉ារីចាត់ប្រើទៅនោះ សួរគេថា តើដោយហេតុតែគ្មានព្រះនៅស្រុកអ៊ីស្រាអែលឬអី បានជាឯងរាល់គ្នាទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះនៃពួកអេក្រុនវិញ
4 ហេតុនោះ ឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ឯងនឹងមិនចុះពីដំណេក ដែលឯងបានឡើងទៅនោះបានឡើយ គឺនឹងត្រូវស្លាប់ជាពិត រួចអេលីយ៉ាក៏ចេញបាត់ទៅ។
5 ឯពួកអ្នកដែលស្តេចចាត់ប្រើនោះ គេក៏វិលត្រឡប់មកឯទ្រង់វិញ ហើយទ្រង់មានព្រះបន្ទូលសួរថា ហេតុអ្វីបានជាឯងរាល់គ្នាវិលមកវិញដូច្នេះ
6 គេក៏ទូលឆ្លើយថា មានមនុស្សម្នាក់ឡើងមកជួបនឹងយើងខ្ញុំប្រាប់ថា ចូរវិលទៅឯស្តេច ដែលចាត់ប្រើឯងរាល់គ្នាមក ហើយទូលទ្រង់ថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ តើដោយហេតុតែគ្មានព្រះនៅស្រុកអ៊ីស្រាអែលឬអី បានជាព្រះករុណាចាត់គេឲ្យទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះនៃពួកអេក្រុនវិញ ហេតុនេះទ្រង់នឹងមិនចុះពីដំណេក ដែលបានឡើងទៅនោះបានឡើយ គឺត្រូវសុគតជាពិតវិញ