17 គេធ្វើឲ្យកូនប្រុសកូនស្រីគេឆ្លងកាត់ភ្លើង ហើយប្រើរបៀនផ្សេងៗ និងការមន្តអាគម ព្រមទាំងលក់ខ្លួនគេទៅ ឲ្យបានប្រព្រឹត្តអំពើ ដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលនាំឲ្យទ្រង់មានសេចក្តីក្រោធ
18 ដោយហេតុនោះ បានជាព្រះយេហូវ៉ាទ្រង់មានសេចក្តីក្រេវក្រោធជាខ្លាំង ចំពោះពួកអ៊ីស្រាអែល ក៏រើគេចេញចំពោះព្រះនេត្រទ្រង់ទៅ សល់នៅតែពូជអំបូរយូដាតែ១ប៉ុណ្ណោះ។
19 ឯពួកយូដា គេក៏មិនបានកាន់តាមក្រឹត្យក្រមរបស់ព្រះយេហូវ៉ា ជាព្រះនៃគេដែរ គឺគេដើរតាមទំនៀមដែលពួកអ៊ីស្រាអែលធ្លាប់ប្រព្រឹត្តមកវិញ
20 ហេតុនោះបានជាព្រះយេហូវ៉ា ទ្រង់បោះបង់ចោលពូជអ៊ីស្រាអែលទាំងអស់ ក៏ធ្វើទុក្ខគេ ហើយប្រគល់គេទៅក្នុងកណ្តាប់ដៃរបស់ពួកអ្នកដែលបំផ្លាញគេ ដរាបដល់ទ្រង់បានបោះគេចោល ពីចំពោះព្រះភក្ត្រទ្រង់ចេញ
21 ទ្រង់បានហែកពួកអ៊ីស្រាអែលផ្តាច់ចេញពីជំនួរវង្សដាវីឌ ក៏លើកយេរ៉ូបោម ជាកូននេបាត តាំងឡើងឲ្យធ្វើជាស្តេចវិញ ឯយេរ៉ូបោម ក៏បានញាក់ទាញពួកអ៊ីស្រាអែលចេញពីព្រះយេហូវ៉ា ព្រមទាំងបណ្តាលឲ្យគេធ្វើបាបជាទំងន់
22 ពួកកូនចៅអ៊ីស្រាអែលក៏បានដើរតាមអស់ទាំងអំពើបាប ដែលយេរ៉ូបោមបានប្រព្រឹត្តទាំងនោះ គេមិនបានវៀរបង់លែងប្រព្រឹត្តតាមអំពើទាំងនោះឡើយ
23 ដរាបដល់ព្រះយេហូវ៉ាទ្រង់បណ្តេញគេ ពីចំពោះព្រះភក្ត្រទ្រង់ចេញ ដូចជាទ្រង់បានមានព្រះបន្ទូលដោយសារអស់ទាំងហោរា ជាអ្នកបំរើទ្រង់ ដូច្នេះ អ៊ីស្រាអែលក៏ត្រូវគេដឹកនាំចេញពីស្រុករបស់ខ្លួន ទៅនៅឯស្រុកអាសស៊ើរ ដរាបដល់សព្វថ្ងៃនេះ។