២ ពង្សាវតារក្សត្រ 17:21-27 KHOV

21 ទ្រង់​បាន​ហែក​ពួក​អ៊ីស្រា‌អែល​ផ្តាច់​ចេញ​ពី​ជំនួរ​វង្ស​ដាវីឌ ក៏​លើក​យេរ៉ូ‌បោម ជា​កូន​នេបាត តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​វិញ ឯ​យេរ៉ូ‌បោម ក៏​បាន​ញាក់​ទាញ​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​ព្រះ‌យេហូវ៉ា ព្រម​ទាំង​បណ្តាល​ឲ្យ​គេ​ធ្វើ​បាប​ជា​ទំងន់

22 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បាន​ដើរ​តាម​អស់​ទាំង​អំពើ​បាប ដែល​យេរ៉ូ‌បោម​បាន​ប្រព្រឹត្ត​ទាំង​នោះ គេ​មិន​បាន​វៀរ​បង់​លែង​ប្រព្រឹត្ត​តាម​អំពើ​ទាំង​នោះ​ឡើយ

23 ដរាប​ដល់​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តេញ​គេ ពី​ចំពោះ​ព្រះ‌ភក្ត្រ​ទ្រង់​ចេញ ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​អស់​ទាំង​ហោរា ជា​អ្នក​បំរើ​ទ្រង់ ដូច្នេះ អ៊ីស្រា‌អែល​ក៏​ត្រូវ​គេ​ដឹក‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន ទៅ​នៅ​ឯ​ស្រុក​អាស‌ស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

24 រួច​មក​ស្តេច​អាស‌ស៊ើរ ទ្រង់​នាំ​យក​មនុស្ស​ពី​ក្រុង​បាប៊ី‌ឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហាម៉ាត និង​ក្រុង​សេផា‌វែម ទៅ​ដាក់​ឲ្យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​សាម៉ារី ជំនួស​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ អ្នក​ទាំង​នោះ​បាន​ស្រុក​សាម៉ារី​ជា​របស់​ផង​គេ ហើយ​ក៏​អាស្រ័យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​នោះ

25 កាល​គេ​ចាប់​តាំង​នៅ​ក្នុង​ស្រុក គេ​មិន​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ទេ ហេតុ​នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រើ​សត្វ​សិង្ហ ឲ្យ​ទៅ​នៅ​កណ្តាល​គេ សិង្ហ​ទាំង​នោះ​បាន​សំឡាប់​អ្នក​ខ្លះ​បង់

26 ដូច្នេះ គេ​ទូល​ដល់​ស្តេច​អាស‌ស៊ើរ​ថា ពួក​សាសន៍​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​នាំ​យក​ទៅ ទុក​ឲ្យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​សាម៉ារី គេ​មិន​ស្គាល់​ច្បាប់​នៃ​ព្រះ​របស់​ស្រុក​នោះ​ទេ បាន​ជា​ព្រះ​ទ្រង់​ឲ្យ​សត្វ​សិង្ហ ទៅ​នៅ​កណ្តាល​គេ ហើយ​មើល សត្វ​ទាំង​នោះ​កំពុង​តែ​សំឡាប់​គេ​ទៅ ដោយ​ព្រោះ​គេ​មិន​ស្គាល់​ច្បាប់ នៃ​ព្រះ​របស់​ស្រុក​នោះ។

27 នោះ​ស្តេច​អាស‌ស៊ើរ​ទ្រង់​បង្គាប់​ថា ចូរ​នាំ​យក​ពួក​សង្ឃ​ម្នាក់ ដែល​បាន​ដឹក‌នាំ​ចេញ​មក​ពី​ស្រុក​នោះ ឲ្យ​ទៅ​នៅ​ឯ​ណោះ​វិញ​ចុះ ដើម្បី​នឹង​បង្រៀន​គេ​ពី​ច្បាប់​នៃ​ព្រះ​របស់​ស្រុក​នោះ