12 ដោយព្រោះគេមិនព្រមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃគេ គឺបានរំលងសេចក្តីសញ្ញានៃទ្រង់ ជាសេចក្តីទាំងប៉ុន្មានដែលលោកម៉ូសេ ជាអ្នកបំរើព្រះយេហូវ៉ា បានបង្គាប់មក គេមិនព្រមស្តាប់ ឬធ្វើតាមសញ្ញានោះឡើយ។
13 ដល់ឆ្នាំទី១៤ ក្នុងរាជ្យស្តេចហេសេគា នោះសានហេរីប ជាស្តេចស្រុកអាសស៊ើរ ក៏ឡើងមកច្បាំងយកបានអស់ទាំងទីក្រុងមានកំផែងនៅស្រុកយូដា
14 ឯហេសេគា ជាស្តេចយូដា ទ្រង់ចាត់សារឲ្យទៅឯស្តេចស្រុកអាសស៊ើរ នៅត្រង់ក្រុងឡាគីសថា ទូលបង្គំបានធ្វើខុសហើយ សូមទ្រង់ថយចេញពីទូលបង្គំទៅ ទូលបង្គំនឹងទទួលរ៉ាប់រងតាមបង្គាប់របស់ទ្រង់ទាំងអស់ ដូច្នេះ ស្តេចអាសស៊ើរក៏បង្គាប់ ឲ្យហេសេគា ជាស្តេចស្រុកយូដា បង់ប្រាក់៣០០ហាប និងមាស៣០ហាប
15 ហេសេគាក៏យកប្រាក់ទាំងអស់ ដែលឃើញមានក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងក្នុងឃ្លាំងព្រះរាជទ្រព្យទាំងប៉ុន្មាន ទៅថ្វាយដល់ទ្រង់
16 វេលានោះហេសេគាក៏កាត់យកមាសពីទ្វារព្រះវិហារនៃព្រះយេហូវ៉ា និងពីសសរដែលទ្រង់បានស្រោបទៅថ្វាយដល់ស្តេចអាសស៊ើរដែរ។
17 ឯស្តេចអាសស៊ើរទ្រង់ចាត់ថើថាន និងរ៉ាប-សារី ហើយរ៉ាបសាកេ ពីក្រុងឡាគីស នាំទាំងពលទ័ពជាច្រើន ឲ្យទៅឯហេសេគា នៅក្រុងយេរូសាឡិម គេក៏ឡើងទៅ កាលគេមកដល់ក្រុងយេរូសាឡិមហើយ នោះគេឈរក្បែរប្រឡាយនៃស្រះខាងលើ ដែលនៅតាមផ្លូវវាលនៃជាងប្រមោក
18 កាលបានហៅរកស្តេច នោះអេលាគីម កូនហ៊ីលគីយ៉ា ជាឧកញ៉ាវាំង និងសេបណា ជាស្មៀនហ្លួង ហើយយ៉ូអា កូនអេសាភ ជាអ្នកតែងពង្សាវតារក៏ចេញទៅឯគេ។