២ ពង្សាវតារក្សត្រ 18:30-36 KHOV

30 ក៏​កុំ​ឲ្យ​ហេសេគា​នាំ​ឲ្យ​ឯង​រាល់​គ្នា ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ដែរ ដោយ​ថា ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ជួយ​ឲ្យ​យើង​រាល់​គ្នា រួច​ជា​មិន​ខាន ហើយ​ទី​ក្រុង​នេះ​នឹង​មិន​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ​នោះ​ឡើយ

31 កុំ​ឲ្យ​ស្តាប់​តាម​ហេសេគា​ឲ្យ​សោះ ដ្បិត​ស្តេច​អាស‌ស៊ើរ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ចង​ជា​ស្ពាន​មេត្រី​នឹង​អញ ហើយ​ចេញ​មក​ឯ​អញ​ចុះ នោះ​គ្រប់​គ្នា​នឹង​បាន​ស៊ី​ផល​ចំការ​ទំពាំង‌បាយ‌ជូរ និង​ផល​ដើម​ល្វា ហើយ​ផឹក​ទឹក​អណ្តូង​របស់​ខ្លួន​គ្រប់​គ្នា

32 ដរាប​ដល់​អញ​មក​នាំ​យក​ឯង​រាល់​គ្នា​ទៅ​នៅ​ឯ​ស្រុក​១ ដូច​ជា​ស្រុក​របស់​ឯង​នេះ ជា​ស្រុក​មាន​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ ហើយ​នំបុ័ង ព្រម​ទាំង​ចំការ​ទំពាំង‌បាយ‌ជូរ ចំការ​អូលីវ​ហើយ​នឹង​ទឹក​ឃ្មុំ​ផង ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​រស់​នៅ​ឥត​ស្លាប់ កុំ​ឲ្យ​ឯង​រាល់​គ្នា​ស្តាប់​តាម​ហេសេគា ដែល​វា​បញ្ចុះ​បញ្ចូល​ឯង​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​ឲ្យ​រួច​នោះ​ឡើយ

33 តើ​មាន​ព្រះ​របស់​សាសន៍​ដទៃ​ណា ដែល​ជួយ​ស្រុក​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ​បាន

34 តើ​ព្រះ​នៃ​ពួក​ក្រុង​ហាម៉ាត និង​ក្រុង​អើផាឌ​នៅ​ឯ​ណា ហើយ​ព្រះ​របស់​ពួក​ក្រុង​សេផា‌វែម ពួក​ក្រុង​ហេណា និង​ពួក​ក្រុង​អ៊ីវ៉ា នោះ​តើ​ព្រះ​ទាំង​នោះ​នៅ​ឯ​ណា តើ​បាន​ជួយ​ឲ្យ​ស្រុក​សាម៉ារី​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឬ​ទេ

35 ក្នុង​បណ្តា​ព្រះ​របស់​ស្រុក​ទាំង​ប៉ុន្មាន​នោះ តើ​មាន​ព្រះ​ណា​ដែល​ជួយ​ឲ្យ​ស្រុក​គេ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន បាន​ជា​ព្រះ‌យេហូវ៉ា​នឹង​ជួយ​សង្គ្រោះ​ក្រុង​យេរូ‌សាឡិម ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ដែរ។

36 ប៉ុន្តែ​ពួក​បណ្តា‌ជន គេ​នៅ​តែ​ស្ងៀម ឥត​ឆ្លើយ​អ្វី​សោះ ដ្បិត​ស្តេច​ទ្រង់​បាន​ហាម​ថា កុំ​ឲ្យ​ឆ្លើយ​ទៅ​គេ​ឡើយ