២ ពង្សាវតារក្សត្រ 23:3-9 KHOV

3 ស្តេច​ទ្រង់​ឈរ​នៅ​លើ​ទី​ថ្កល់ ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ដើរ​តាម​ព្រះ‌យេហូវ៉ា ហើយ​កាន់​តាម​ក្រឹត្យ‌ក្រម និង​សេចក្តី​បន្ទាល់ ហើយ​នឹង​បញ្ញត្ត​របស់​ទ្រង់​ទាំង​ប៉ុន្មាន អស់​អំពី​ចិត្ត ហើយ​អស់​អំពី​ព្រលឹង​ទ្រង់ ដើម្បី​នឹង​សំរេច​តាម​អស់​ទាំង​ពាក្យ​នៃ​សញ្ញា ដែល​កត់​ទុក​នៅ​ក្នុង​គម្ពីរ​នេះ ហើយ​បណ្តា‌ជន​ទាំង‌ឡាយ គេ​ក៏​យល់​ព្រម​តាម​ដែរ។

4 ស្តេច​ទ្រង់​បង្គាប់​ដល់​ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ និង​ពួក​សង្ឃ​ជា​បន្ទាប់ ព្រម​ទាំង​ពួក​អ្នក​ឆ្មាំ​ទ្វារ ឲ្យ​យក​អស់​ទាំង​ប្រដាប់‌ប្រដា ដែល​បាន​ធ្វើ​សំរាប់​ព្រះ‌បាល និង​សំរាប់​រូប​ព្រះ ហើយ​សំរាប់​ពួក​ពល​នៅ​លើ​មេឃ ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ទៅ រួច​ទ្រង់​ដុត​ចោល​ទាំង​អស់ នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម ត្រង់​វាល​ក្បែរ​ជ្រោះ​កេដ្រុន ហើយ​ក៏​យក​ផែះ​ទៅ​ឯ​ក្រុង​បេត-អែល

5 ទ្រង់​បំបាត់​ពួក​សង្ឃ​នៃ​រូប​ព្រះ ដែល​ពួក​ស្តេច​យូដា​បាន​តាំង ឲ្យ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​ទី​ក្រុង​នៃ​ស្រុក​យូដា ហើយ​នៅ​ទី​ជុំវិញ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ព្រម​ទាំង​ពួក​សង្ឃ​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល ព្រះ‌អាទិត្យ ព្រះ‌ចន្ទ ចក្រ‌រាសី និង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ​ទាំង​ប៉ុន្មាន​ផង

6 ទ្រង់​ក៏​យក​រូប​ព្រះ​ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ទៅ​ដល់​ជ្រោះ​កេដ្រុន ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម ដុត​នៅ​ទី​នោះ រួច​វាយ​កំទេច​ជា​ផង់​ធូលី ហើយ​បាច​ទៅ​លើ​ផ្នូរ​របស់​ពួក​អ្នក​ស្រុក

7 ទ្រង់​បាន​បំផ្លាញ​អស់​ទាំង​ផ្ទះ​របស់​ពួក​កូន​ជឹង ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ជា​កន្លែង​ដែល​ពួក​ស្រីៗ​ត្បាញ​ពិតាន សំរាប់​រូប​ព្រះ​ទាំង​ប៉ុន្មាន​ចេញ

8 រួច​ទ្រង់​នាំ​ពួក​សង្ឃ​ចេញ ពី​ទី​ក្រុង​ស្រុក​យូដា​ទាំង​អស់ ទៅ​ធ្វើ​បង្អាប់​ដល់​អស់​ទាំង​ទី​ខ្ពស់ ដែល​ពួក​សង្ឃ​បាន​ដុត​កំញាន ចាប់​តាំង​ពី​ក្រុង​កេបា រហូត​ដល់​បៀរ-សេបា ទ្រង់​ក៏​បំផ្លាញ​ទី​ខ្ពស់​នៃ​ទ្វារ​ក្រុង ដែល​នៅ​ខាង​ឆ្វេង​ដៃ​នៃ​ខ្លោង‌ទ្វារ​របស់​យ៉ូស្វេ ជា​ចៅ‌ហ្វាយ​ក្រុង

9 ឯ​អស់​ទាំង​សង្ឃ​នៃ​ទី​ខ្ពស់​ទាំង​នោះ គេ​មិន​បាន​ឡើង​ទៅ​ឯ​អាស‌នា​ព្រះ‌យេហូវ៉ា​នៅ​ក្រុង​យេរូ‌សាឡិម​ទេ តែ​គេ​បរិភោគ​នំបុ័ង​ឥត​ដំបែ នៅ​ជា​មួយ​នឹង​ពួក​បង​ប្អូន​គេ​ដែរ