14 រួចអេលីសេទូលថា ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ា នៃពួកពលបរិវារ ដ៏មានព្រះជន្មរស់នៅ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា បើទូលបង្គំមិនបានយល់ដល់យ៉ូសាផាត ជាស្តេចយូដា នោះប្រាកដជាទូលបង្គំមិនព្រមទាំងក្រឡេកមើលទៅទ្រង់ ឬឃើញទ្រង់ទេ
15 តែឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឯទូលបង្គំ រួចកាលអ្នកនោះកំពុងតែលេងភ្លេង នោះព្រះហស្តនៃព្រះយេហូវ៉ា ក៏មកលើអេលីសេ
16 ហើយលោកទាយថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរជីកប្រឡាយឲ្យពេញក្នុងច្រកភ្នំនេះទៅ
17 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នានឹងមិនឃើញខ្យល់បក់ ឬភ្លៀងធ្លាក់ឡើយ តែច្រកភ្នំនេះនឹងមានទឹកពេញ នោះឯងរាល់គ្នានឹងបានទឹកផឹក ព្រមទាំងហ្វូងសត្វ និងសត្វជំនិះរបស់ឯងរាល់គ្នាផង
18 ឯការនេះក៏ជាការយ៉ាងតូច នៅព្រះនេត្រព្រះយេហូវ៉ាទេ គឺព្រះទ្រង់នឹងប្រគល់សាសន៍ម៉ូអាប់មកក្នុងកណ្តាប់ព្រះហស្តនៃទ្រង់ទៀត
19 ត្រូវឲ្យវាយអស់ទាំងទីក្រុងមានកំផែង និងគ្រប់ទាំងទីក្រុងយ៉ាងវិសេស ព្រមទាំងកាប់អស់ទាំងឈើល្អ និងខ្ទប់អស់ទាំងរន្ធទឹក ហើយយកដុំថ្មទៅ រាយបង្ខូចអស់ទាំងស្រែចំការល្អៗ
20 លុះព្រឹកឡើង នៅពេលថ្វាយដង្វាយ ក៏មានទឹកហូរមកពីខាងស្រុកអេដំម នោះច្រកភ្នំក៏មានទឹកពេញ។