1 រីឯសាឡូម៉ូន ជាព្រះរាជបុត្រាដាវីឌ ទ្រង់មានអំណាចក្នុងរាជ្យទ្រង់កាន់តែមាំមួនឡើង ហើយព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ក៏បានគង់នៅជាមួយ ព្រមទាំងលើកដំកើងទ្រង់ឡើងយ៉ាងក្រៃលែង
2 សាឡូម៉ូនក៏មានព្រះបន្ទូលនឹងបណ្តាពួកអ៊ីស្រាអែល ពួកមេទ័ពធំតូច ពួកចៅក្រម និងពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដែលជាប្រធានលើវង្សរបស់ឪពុកគេ
3 រួចទ្រង់ និងពួកជំនុំទាំងអស់ ក៏នាំគ្នាទៅឯទីខ្ពស់ ដែលនៅត្រង់ក្រុងគីបៀន ដ្បិតត្រសាលជំនុំនៃព្រះ ដែលលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានធ្វើនៅទីរហោស្ថាន បាននៅទីនោះ
4 តែឯហឹបនៃព្រះ នោះដាវីឌបាននាំយកពីក្រុងគារយ៉ាត់-យារីម ឡើងទៅឯកន្លែងដែលទ្រង់បានរៀបចំទុក ដ្បិតទ្រង់បានដំឡើងត្រសាល១ សំរាប់ឲ្យហឹបនោះ នៅក្នុងក្រុងយេរូសាឡិមវិញ
5 រីឯអាសនាលង្ហិន ដែលបេតសាលាល កូនយូរី ដែលជាកូនហ៊ើរបានធ្វើ នោះក៏នៅមុខរោងឧបោសថផងព្រះយេហូវ៉ា ត្រង់គីបៀន ហើយសាឡូម៉ូន និងពួកជំនុំទាំងអស់គ្នាបានសង្វាតរកអាសនានោះ