២ របាក្សត្រ 1:1-7 KHOV

1 រីឯ​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ដាវីឌ ទ្រង់​មាន​អំណាច​ក្នុង​រាជ្យ​ទ្រង់​កាន់​តែ​មាំ‌មួន​ឡើង ហើយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ក៏​បាន​គង់​នៅ​ជា​មួយ ព្រម​ទាំង​លើក​ដំកើង​ទ្រង់​ឡើង​យ៉ាង​ក្រៃលែង

2 សាឡូ‌ម៉ូន​ក៏​មាន​ព្រះ‌បន្ទូល​នឹង​បណ្តា​ពួក​អ៊ីស្រា‌អែល ពួក​មេ‌ទ័ព​ធំ​តូច ពួក​ចៅ‌ក្រម និង​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​ជា​ប្រធាន​លើ​វង្ស​របស់​ឪពុក​គេ

3 រួច​ទ្រង់ និង​ពួក​ជំនុំ​ទាំង​អស់ ក៏​នាំ​គ្នា​ទៅ​ឯ​ទី​ខ្ពស់ ដែល​នៅ​ត្រង់​ក្រុង​គីបៀន ដ្បិត​ត្រសាល​ជំនុំ​នៃ​ព្រះ ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​ធ្វើ​នៅ​ទី​រហោ‌ស្ថាន បាន​នៅ​ទី​នោះ

4 តែ​ឯ​ហឹប​នៃ​ព្រះ នោះ​ដាវីឌ​បាន​នាំ​យក​ពី​ក្រុង​គារយ៉ាត់-យារីម ឡើង​ទៅ​ឯ​កន្លែង​ដែល​ទ្រង់​បាន​រៀប‌ចំ​ទុក ដ្បិត​ទ្រង់​បាន​ដំឡើង​ត្រសាល​១ សំរាប់​ឲ្យ​ហឹប​នោះ នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ

5 រីឯ​អាស‌នា​លង្ហិន ដែល​បេតសា‌លាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ​បាន​ធ្វើ នោះ​ក៏​នៅ​មុខ​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា ត្រង់​គីបៀន ហើយ​សាឡូ‌ម៉ូន និង​ពួក​ជំនុំ​ទាំង​អស់​គ្នា​បាន​សង្វាត​រក​អាស‌នា​នោះ

6 ទ្រង់​ឡើង​ទៅ​ថ្វាយ​ដង្វាយ​ដុត​អស់​១​ពាន់ នៅ​លើ​អាស‌នា​លង្ហិន ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ត្រសាល​ជំនុំ​នោះ។

7 ក្នុង​ពេល​យប់​នោះ ព្រះ​ទ្រង់​លេច​មក​ឯ​សាឡូ‌ម៉ូន​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​ឯង​សូម​ចុះ តើ​ចង់​ឲ្យ​អញ​ឲ្យ​អ្វី​ដល់​ឯង