4 តែឯហឹបនៃព្រះ នោះដាវីឌបាននាំយកពីក្រុងគារយ៉ាត់-យារីម ឡើងទៅឯកន្លែងដែលទ្រង់បានរៀបចំទុក ដ្បិតទ្រង់បានដំឡើងត្រសាល១ សំរាប់ឲ្យហឹបនោះ នៅក្នុងក្រុងយេរូសាឡិមវិញ
5 រីឯអាសនាលង្ហិន ដែលបេតសាលាល កូនយូរី ដែលជាកូនហ៊ើរបានធ្វើ នោះក៏នៅមុខរោងឧបោសថផងព្រះយេហូវ៉ា ត្រង់គីបៀន ហើយសាឡូម៉ូន និងពួកជំនុំទាំងអស់គ្នាបានសង្វាតរកអាសនានោះ
6 ទ្រង់ឡើងទៅថ្វាយដង្វាយដុតអស់១ពាន់ នៅលើអាសនាលង្ហិន ដែលនៅចំពោះព្រះយេហូវ៉ា ត្រង់ត្រសាលជំនុំនោះ។
7 ក្នុងពេលយប់នោះ ព្រះទ្រង់លេចមកឯសាឡូម៉ូនមានព្រះបន្ទូលថា ចូរឲ្យឯងសូមចុះ តើចង់ឲ្យអញឲ្យអ្វីដល់ឯង
8 សាឡូម៉ូនទ្រង់ឆ្លើយថា ទ្រង់បានសំដែងសេចក្ដីសប្បុរសជាធំ ដល់ដាវីឌ ជាបិតាទូលបង្គំ ក៏បានតាំងទូលបង្គំឡើង ជាស្តេចជំនួសបិតាហើយ
9 ឥឡូវនេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមឲ្យសេចក្ដីដែលទ្រង់បានសន្យានឹងដាវីឌ ជាបិតាទូលបង្គំ បានតាំងខ្ជាប់ខ្ជួនឡើង ដ្បិតទ្រង់បានលើកទូលបង្គំឡើង ជាស្តេចលើសាសន៍១មានគ្នាច្រើនដូចជាផង់ធូលីនៅផែនដី
10 ដូច្នេះ សូមប្រោសប្រទាន ឲ្យទូលបង្គំមានប្រាជ្ញា និងយោបល់ ដើម្បីឲ្យទូលបង្គំបានចេញចូលនាំមុខបណ្តាជននេះ ដ្បិតតើមានអ្នកឯណាអាចនឹងគ្រប់គ្រង លើរាស្ត្ររបស់ទ្រង់ ដែលមានច្រើនទាំងម៉្លេះនេះបាន