16 លុះកាលពួកអ៊ីស្រាអែលទាំងប៉ុន្មានបានឃើញថា ស្តេចមិនព្រមស្តាប់តាមគេដូច្នោះ នោះគេទូលតបថា តើយើងរាល់គ្នាមានចំណែកអ្វីខាងដាវីឌ យើងក៏គ្មានមរដកជាមួយនឹងកូនចៅអ៊ីសាយដែរ ឱពួកអ៊ីស្រាអែលអើយ ចូរយើងវិលទៅផ្ទះរៀងខ្លួនវិញទៅ ឥឡូវនេះ ដាវីឌអើយ ចូរមើលព្រះវង្សរបស់ខ្លួនឯងចុះ ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់ក៏ត្រឡប់ទៅឯទីលំនៅគេវិញទៅ
17 តែឯពួកកូនចៅអ៊ីស្រាអែល ដែលនៅក្នុងអស់ទាំងទីក្រុងរបស់ពួកយូដានោះរេហូបោមបានសោយរាជ្យលើគេវិញ
18 រួចមកស្តេចរេហូបោម ទ្រង់ចាត់អ័ដូរ៉ាម ដែលត្រួតលើពួកកំណែនឲ្យទៅ តែពួកអ៊ីស្រាអែលទាំងអស់គ្នា គេចោលលោកនឹងថ្មសំឡាប់ទៅ ដូច្នេះ ស្តេចរេហូបោមក៏ប្រញាប់ប្រញាល់នឹងឡើងព្រះរាជរថ រត់ទៅឯក្រុងយេរូសាឡិម
19 គឺយ៉ាងនោះ ដែលពួកអ៊ីស្រាអែលបានបះបោរនឹងរាជវង្សនៃដាវីឌដរាបដល់សព្វថ្ងៃនេះ។