1 នៅឆ្នាំទី១៨ ក្នុងរាជ្យស្តេចយេរ៉ូបោម នោះអ័ប៊ីយ៉ាចាប់តាំងសោយរាជ្យឡើងលើស្រុកយូដា
2 ទ្រង់ក៏សោយរាជ្យ៣ឆ្នាំ នៅក្រុងយេរូសាឡិម ព្រះមាតាទ្រង់ព្រះនាមជាមីកាយ៉ា ជាបុត្រីអ៊ូរាល អ្នកក្រុងគីបៀរ អ័ប៊ីយ៉ា និងយេរ៉ូបោមក៏ច្បាំងគ្នាដែរ
3 ឯអ័ប៊ីយ៉ាទ្រង់ចាប់តាំងតចំបាំង មានពលទ័ពសុទ្ធតែមនុស្សថ្នឹកចំបាំង ហើយជ្រើសរើស មានចិត្តក្លាហានចំនួន៤សែននាក់ ហើយយេរ៉ូបោមក៏ដំរៀបទ័ពច្បាំងនឹងទ្រង់ មានមនុស្សជ្រើសរើស ហើយក្លាហាន៨សែននាក់
4 ឯអ័ប៊ីយ៉ាទ្រង់ឈរនៅលើភ្នំសេម៉ារែម ដែលនៅស្រុកភ្នំអេប្រាអិម មានព្រះបន្ទូលថា ឱយេរ៉ូបោម និងពួកអ៊ីស្រាអែលទាំងអស់គ្នាអើយ ចូរស្តាប់ចុះ
5 គួរឲ្យឯងរាល់គ្នាដឹងថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រទានអំណាចលើសាសន៍អ៊ីស្រាអែលដល់ដាវីឌ ឲ្យសោយរាជ្យជាដរាបទៅ គឺដល់ទ្រង់ និងវង្សានុវង្សរបស់ទ្រង់តទៅ តាមសេចក្ដីសញ្ញាដែលតាំងដោយអំបិល