14 កាលពួកយូដាបានក្រឡេកបែរមើលទៅក្រោយ នោះក៏ឃើញមានចំបាំងពីមុខពីក្រោយដូច្នេះ គេក៏អំពាវនាវដល់ព្រះយេហូវ៉ា ហើយពួកសង្ឃក៏ផ្លុំត្រែឡើង
15 ពួកទ័ពយូដា គេស្រែកឡើង ហើយកំពុងដែលពួកយូដាស្រែកឡើងដូច្នោះ នោះព្រះទ្រង់ក៏វាយយេរ៉ូបោម និងពួកអ៊ីស្រាអែលទាំងអស់ នៅមុខអ័ប៊ីយ៉ា និងពួកយូដា
16 ពួកកូនចៅអ៊ីស្រាអែល គេបាក់ទ័ពរត់ពីមុខពួកយូដា ហើយព្រះទ្រង់ប្រគល់គេមកក្នុងកណ្តាប់ដៃនៃពួកយូដា
17 អ័ប៊ីយ៉ា និងពួកទ័ពទ្រង់ ក៏ប្រហារសំឡាប់គេយ៉ាងសំបើម មានពួកអ៊ីស្រាអែល សុទ្ធតែជាមនុស្សជ្រើសរើស បានដួលស្លាប់អស់៥សែននាក់
18 នៅវេលានោះពួកកូនចៅអ៊ីស្រាអែលត្រូវក្រាបចុះ ឯពួកកូនចៅយូដា គេមានជ័យជំនះ ដោយព្រោះគេបានពឹងដល់ព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ
19 អ័ប៊ីយ៉ាទ្រង់ដេញតាមយេរ៉ូបោម ដណ្តើមយកបានទីក្រុងខ្លះរបស់ទ្រង់ គឺក្រុងបេត-អែល និងតំបន់នៅជុំវិញ ក្រុងយេសាណា និងតំបន់នៅជុំវិញ និងក្រុងអេប្រុន ព្រមទាំងតំបន់នៅជុំវិញដែរ
20 ហើយនៅក្នុងរាជ្យអ័ប៊ីយ៉ា នោះយេរ៉ូបោមមិនបានចំរើនកំឡាំងឡើងវិញទៀតឡើយ រួចព្រះយេហូវ៉ាប្រហារទ្រង់ឲ្យសុគតទៅ