10 សេចក្ដីស្ញែងខ្លាច របស់ព្រះយេហូវ៉ា ក៏មកគ្របសង្កត់លើអស់ទាំងនគរ នៅជុំវិញស្រុកយូដា ហើយគេមិនហ៊ានលើកគ្នាមកច្បាំងនឹងយ៉ូសាផាតទេ
11 មានពួកភីលីស្ទីនខ្លះ នាំយកគ្រឿងបណ្តាការមកថ្វាយយ៉ូសាផាតព្រមទាំងប្រាក់ទុកជាសួយអាករផង ឯពួកអារ៉ាប់ គេក៏នាំយកហ្វូងសត្វមកថ្វាយដែរ គឺចៀមឈ្មោល៧ពាន់៧រយ និងពពែឈ្មោល៧ពាន់៧រយ
12 យ៉ូសាផាតទ្រង់បានចំរើនឡើងជាធំក្រៃលែង ទ្រង់ក៏សង់ដំណាក់ និងទីក្រុងសំរាប់ជាឃ្លាំងទាំងប៉ុន្មាននៅស្រុកយូដា
13 ទ្រង់មានក្រសួងការងារជាច្រើន នៅក្នុងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ហើយមានមនុស្សថ្នឹកចំបាំង និងមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហាននៅក្រុងយេរូសាឡិម
14 តាមជំនួរវង្សរបស់ឪពុកគេ នោះមានចំនួនដូចខាងក្រោមនេះ គឺខាងពួកយូដា ក្នុងពួកមេទ័ពធំ មានអ័ឌណា ជាមេ នៅក្រោមបង្គាប់លោកមានមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហាន៣សែននាក់
15 បន្ទាប់មកមានយ៉ូហាណានជាមេ នៅក្រោមបង្គាប់លោកមាន២សែន៨ម៉ឺននាក់
16 បន្ទាប់មកទៀត មានអ័ម៉ាស៊ីយ៉ា ជាកូនស៊ីកគ្រី ដែលបានថ្វាយខ្លួនដល់ព្រះយេហូវ៉ាស្ម័គ្រពីចិត្ត ហើយក្រោមបង្គាប់លោកមានមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហានចំនួន២សែននាក់