3 ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសាផាត ពីព្រោះស្តេចបានប្រព្រឹត្ត តាមអស់ទាំងផ្លូវដើមរបស់ដាវីឌ ជាអយ្យកោទ្រង់ ឥតរកតាមព្រះបាលឡើយ
4 គឺបានស្វែងរកតាមតែព្រះនៃពួកអយ្យកោទ្រង់ ហើយប្រព្រឹត្តតាមបញ្ញត្តទ្រង់វិញ ឥតធ្វើតាមអំពើរបស់សាសន៍អ៊ីស្រាអែលឡើយ
5 ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់តាំងរាជ្យ ឲ្យមាំមួនក្នុងអំណាចយ៉ូសាផាត ហើយពួកយូដាទាំងអស់គ្នាក៏នាំយកគ្រឿងបណ្តាការមកថ្វាយស្តេច ទ្រង់មានព្រះរាជទ្រព្យ និងកិត្តិយសជាបរិបូរ
6 ព្រះទ័យទ្រង់បានតាំងឡើង ក្នុងអស់ទាំងផ្លូវនៃព្រះយេហូវ៉ា មួយទៀត ទ្រង់ក៏បំបាត់អស់ទាំងទីខ្ពស់ និងរូបព្រះចេញពីស្រុកយូដាទៅ។
7 នៅឆ្នាំទី៣ ក្នុងរាជ្យទ្រង់ នោះទ្រង់ចាត់ពួកអ្នកដែលជាប្រធានរបស់ទ្រង់ គឺបេន-ហែល និងអូបាឌា សាការី នេថានេល ហើយមីកាយ៉ា ឲ្យទៅបង្ហាត់បង្រៀនក្នុងអស់ទាំងទីក្រុងនៅស្រុកយូដា
8 ព្រមទាំងពួកលេវីឲ្យទៅជាមួយដែរ គឺសេម៉ាយ៉ា នេថានា សេបាឌា អេសាអែល សេមីរ៉ាម៉ូត យ៉ូណាថាន អ័ដូនីយ៉ា ថូប៊ីយ៉ា និងថូប-អ័ដូនីយ៉ា ដែលសុទ្ធតែពួកលេវី និងអេលីសាម៉ា ហើយយ៉ូរ៉ាម ជាពួកសង្ឃ ឲ្យទៅជាមួយនឹងគេ
9 ពួកអ្នកទាំងនោះ ក៏បង្ហាត់បង្រៀននៅស្រុកយូដា មានទាំងគម្ពីរក្រឹត្យវិន័យនៃព្រះយេហូវ៉ា នៅជាមួយផង គេនាំគ្នាដើរចុះឡើង ដល់គ្រប់ទីក្រុងនៅស្រុកយូដា បង្រៀនដល់បណ្តាជន។