6 ព្រះទ័យទ្រង់បានតាំងឡើង ក្នុងអស់ទាំងផ្លូវនៃព្រះយេហូវ៉ា មួយទៀត ទ្រង់ក៏បំបាត់អស់ទាំងទីខ្ពស់ និងរូបព្រះចេញពីស្រុកយូដាទៅ។
7 នៅឆ្នាំទី៣ ក្នុងរាជ្យទ្រង់ នោះទ្រង់ចាត់ពួកអ្នកដែលជាប្រធានរបស់ទ្រង់ គឺបេន-ហែល និងអូបាឌា សាការី នេថានេល ហើយមីកាយ៉ា ឲ្យទៅបង្ហាត់បង្រៀនក្នុងអស់ទាំងទីក្រុងនៅស្រុកយូដា
8 ព្រមទាំងពួកលេវីឲ្យទៅជាមួយដែរ គឺសេម៉ាយ៉ា នេថានា សេបាឌា អេសាអែល សេមីរ៉ាម៉ូត យ៉ូណាថាន អ័ដូនីយ៉ា ថូប៊ីយ៉ា និងថូប-អ័ដូនីយ៉ា ដែលសុទ្ធតែពួកលេវី និងអេលីសាម៉ា ហើយយ៉ូរ៉ាម ជាពួកសង្ឃ ឲ្យទៅជាមួយនឹងគេ
9 ពួកអ្នកទាំងនោះ ក៏បង្ហាត់បង្រៀននៅស្រុកយូដា មានទាំងគម្ពីរក្រឹត្យវិន័យនៃព្រះយេហូវ៉ា នៅជាមួយផង គេនាំគ្នាដើរចុះឡើង ដល់គ្រប់ទីក្រុងនៅស្រុកយូដា បង្រៀនដល់បណ្តាជន។
10 សេចក្ដីស្ញែងខ្លាច របស់ព្រះយេហូវ៉ា ក៏មកគ្របសង្កត់លើអស់ទាំងនគរ នៅជុំវិញស្រុកយូដា ហើយគេមិនហ៊ានលើកគ្នាមកច្បាំងនឹងយ៉ូសាផាតទេ
11 មានពួកភីលីស្ទីនខ្លះ នាំយកគ្រឿងបណ្តាការមកថ្វាយយ៉ូសាផាតព្រមទាំងប្រាក់ទុកជាសួយអាករផង ឯពួកអារ៉ាប់ គេក៏នាំយកហ្វូងសត្វមកថ្វាយដែរ គឺចៀមឈ្មោល៧ពាន់៧រយ និងពពែឈ្មោល៧ពាន់៧រយ
12 យ៉ូសាផាតទ្រង់បានចំរើនឡើងជាធំក្រៃលែង ទ្រង់ក៏សង់ដំណាក់ និងទីក្រុងសំរាប់ជាឃ្លាំងទាំងប៉ុន្មាននៅស្រុកយូដា