1 រីឯយ៉ូសាផាត ជាស្តេចយូដា ទ្រង់វិលទៅឯដំណាក់ នៅក្រុងយេរូសាឡិមវិញ ដោយសុខសាន្ត
2 ខណៈនោះ យេហ៊ូវ កូនហាណានី ជាអ្នកមើលឆុត ក៏ចេញទៅទទួលទ្រង់ទូលថា តើគួរគប្បីឲ្យទ្រង់បានទៅជួយមនុស្សអាក្រក់ ហើយស្រឡាញ់ដល់ពួកអ្នកដែលស្អប់ព្រះយេហូវ៉ាឬអី ដោយព្រោះហេតុនេះបានជាមានសេចក្ដីក្រេវក្រោធចេញពីចំពោះព្រះយេហូវ៉ា មកលើទ្រង់ហើយ
3 ប៉ុន្តែឃើញមានសេចក្ដីល្អខ្លះ នៅក្នុងទ្រង់ដែរ ដោយទ្រង់បានបំបាត់រូបព្រះទាំងប៉ុន្មាន ចេញពីស្រុកទៅ ហើយបានតាំងព្រះទ័យស្វែងរកព្រះពិតវិញ។
4 យ៉ូសាផាតទ្រង់គង់នៅក្រុងយេរូសាឡិម ហើយទ្រង់យាងចេញទៅកណ្តាលអស់ទាំងពួកជនម្តងទៀត គឺចាប់តាំងពីក្រុងបៀរ-សេបា រហូតដល់ស្រុកភ្នំអេប្រាអិមនាំគេវិលមកឯព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេវិញ
5 ទ្រង់ក៏តាំងឲ្យមានចៅក្រម នៅក្នុងស្រុក គឺក្នុងគ្រប់ទាំងទីក្រុងមានបន្ទាយរបស់ពួកយូដា
6 ទ្រង់មានព្រះបន្ទូលទៅចៅក្រមទាំងនោះថា ចូរពិចារណាការដែលអ្នករាល់គ្នាធ្វើចុះ ដ្បិតអ្នករាល់គ្នាមិនមែនជំនុំជំរះឲ្យគាប់ចិត្តដល់មនុស្សទេ គឺឲ្យព្រះយេហូវ៉ាបានពេញព្រះហឫទ័យវិញ ហើយទ្រង់ក៏គង់នៅជាមួយនឹងអ្នករាល់គ្នា ក្នុងការជំនុំជំរះនោះដែរ