២ របាក្សត្រ 19:2-8 KHOV

2 ខណៈ​នោះ យេហ៊ូវ កូន​ហាណានី ជា​អ្នក​មើល‌ឆុត ក៏​ចេញ​ទៅ​ទទួល​ទ្រង់​ទូល​ថា តើ​គួរ​គប្បី​ឲ្យ​ទ្រង់​បាន​ទៅ​ជួយ​មនុស្ស​អាក្រក់ ហើយ​ស្រឡាញ់​ដល់​ពួក​អ្នក​ដែល​ស្អប់​ព្រះ‌យេហូវ៉ា​ឬ​អី ដោយ​ព្រោះ​ហេតុ​នេះ​បាន​ជា​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា មក​លើ​ទ្រង់​ហើយ

3 ប៉ុន្តែ​ឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ នៅ​ក្នុង​ទ្រង់​ដែរ ដោយ​ទ្រង់​បាន​បំបាត់​រូប​ព្រះ​ទាំង​ប៉ុន្មាន ចេញ​ពី​ស្រុក​ទៅ ហើយ​បាន​តាំង​ព្រះ‌ទ័យ​ស្វែង​រក​ព្រះ​ពិត​វិញ។

4 យ៉ូសា‌ផាត​ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រង់​យាង​ចេញ​ទៅ​កណ្តាល​អស់​ទាំង​ពួក​ជន​ម្តង​ទៀត គឺ​ចាប់​តាំង​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ស្រុក​ភ្នំ​អេប្រា‌អិម​នាំ​គេ​វិល​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ​វិញ

5 ទ្រង់​ក៏​តាំង​ឲ្យ​មាន​ចៅ‌ក្រម នៅ​ក្នុង​ស្រុក គឺ​ក្នុង​គ្រប់​ទាំង​ទី​ក្រុង​មាន​បន្ទាយ​របស់​ពួក​យូដា

6 ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ចៅ‌ក្រម​ទាំង​នោះ​ថា ចូរ​ពិចារណា​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មិន​មែន​ជំនុំ‌ជំរះ​ឲ្យ​គាប់​ចិត្ត​ដល់​មនុស្ស​ទេ គឺ​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ពេញ​ព្រះ‌ហឫ‌ទ័យ​វិញ ហើយ​ទ្រង់​ក៏​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ក្នុង​ការ​ជំនុំ‌ជំរះ​នោះ​ដែរ

7 ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​កោត‌ខ្លាច ដល់​ព្រះ‌យេហូវ៉ា​ចុះ ចូរ​ប្រយ័ត្ន ហើយ​សំរេច​ការ​នោះ​ទៅ ដ្បិត​គ្មាន​សេចក្ដី​ទុច្ចរិត​ណា នៅ​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឡើយ ក៏​គ្មាន​សេចក្ដី​លំអៀង​ទៅ​ខាង​អ្នក​ណា ឬ​ស៊ី​សំណូក​ផង។

8 មួយ​ទៀត យ៉ូសា‌ផាត​ទ្រង់​តាំង​ឲ្យ​មាន​ពួក​លេវី ពួក​សង្ឃ និង​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្សា‌នុវង្ស នៃ​សាសន៍​អ៊ីស្រា‌អែល​នៅ​ក្រុង​យេរូ‌សាឡិម សំរាប់​ការ​វិនិច្ឆ័យ​នៃ​ព្រះ‌យេហូវ៉ា និង​ការ​កាត់​រឿង​ក្តី រួច​គេ​ត្រឡប់​មក​នៅ​ក្រុង​យេរូ‌សាឡិម​វិញ