1 ឯសាឡូម៉ូន ទ្រង់ក៏បង្គាប់ឲ្យស្អាងព្រះវិហារ សំរាប់ព្រះនាមព្រះយេហូវ៉ា និងព្រះរាជវាំងសំរាប់នគរទ្រង់
2 រួចទ្រង់ដំរូវឲ្យមានមនុស្ស៧ម៉ឺននាក់ សំរាប់លីសែង និង៨ម៉ឺននាក់ សំរាប់កាប់ឈើនៅឯភ្នំ ហើយ៣ពាន់៦រយនាក់សំរាប់ជាអ្នកត្រួតលើគេ
3 ទ្រង់ក៏ចាត់សារទៅឯហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុសថា ពីដើមទ្រង់បានផ្ញើឈើតាត្រៅមកថ្វាយដាវីឌ ជាបិតាទូលបង្គំ សំរាប់ធ្វើជាដំណាក់ឲ្យទ្រង់គង់ ឥឡូវនេះក៏សូមទ្រង់ប្រោសមេត្តាដល់ទូលបង្គំដូច្នោះដែរ
4 មើល ទូលបង្គំរៀបនឹងស្អាងព្រះវិហារ សំរាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ដើម្បីថ្វាយដល់ទ្រង់ទុកជាទីដុតគ្រឿងមានក្លិនក្រអូប នៅចំពោះទ្រង់ នឹងជាទីតម្កល់នំបុ័ងតាំងទុកជានិច្ច ព្រមទាំងថ្វាយដង្វាយដុតទាំងពេលព្រឹក និងពេលល្ងាច ហើយនៅថ្ងៃឈប់សំរាក ថ្ងៃចូលខែ និងនៅអស់ទាំងបុណ្យមានកំណត់នៃព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នា ដូចជាបានបង្គាប់មកសាសន៍អ៊ីស្រាអែល ឲ្យធ្វើជាដរាបតទៅ