5 មួយភាគក្នុង៣ទៀត ត្រូវនៅឯដំណាក់នៃស្តេច ហើយមួយភាគក្នុង៣ទៀត ត្រូវនៅត្រង់ទ្វារជើងជញ្ជាំង ឯបណ្តាជនទាំងឡាយ ត្រូវនៅក្នុងទីលានរបស់ព្រះវិហារនៃព្រះយេហូវ៉ាវិញ
6 កុំឲ្យអ្នកណាចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ លើកតែពួកសង្ឃ និងពួកអ្នកដែលជាជំនួយដល់ពួកលេវីប៉ុណ្ណោះ អ្នកទាំងនោះចូលទៅបាន ពីព្រោះគេបរិសុទ្ធទាំងអស់ តែបណ្តាជនទាំងឡាយត្រូវរក្សាបញ្ញើនៃព្រះយេហូវ៉ាវិញ
7 ត្រូវឲ្យពួកលេវីឈរព័ទ្ធជុំវិញស្តេច ដោយកាន់គ្រឿងសស្ត្រាវុធគ្រប់ៗគ្នា បើមានអ្នកណាចូលមកក្នុងព្រះវិហារ នោះត្រូវសំឡាប់បង់ ត្រូវឲ្យអ្នករាល់គ្នានៅជាប់នឹងស្តេច នៅអស់វេលាដែលទ្រង់យាងចេញចូល។
8 ដូច្នេះ ពួកលេវី និងពួកយូដាទាំងអស់គ្នា ក៏ធ្វើតាមបង្គាប់យេហូយ៉ាដា ដ៏ជាសង្ឃគ្រប់ជំពូក គេនាំយកពួកគេរៀងខ្លួន ទាំងពួកដែលត្រូវចូលនៅថ្ងៃឈប់សំរាក និងពួកដែលចេញនៅថ្ងៃឈប់សំរាកដែរ ដ្បិតយេហូយ៉ាដា ដ៏ជាសង្ឃ លោកមិនឲ្យពួកវេនណាឈប់ទេ
9 លោកប្រគល់លំពែង និងខែលធំតូច ជារបស់ស្តេចដាវីឌពីដើម ដែលទុកនៅក្នុងព្រះវិហារនៃព្រះ ដល់ពួកមេទ័ព
10 រួចលោកដាក់មនុស្សទាំងអស់ឲ្យឈរព័ទ្ធនៅជុំវិញស្តេច ទាំងកាន់គ្រឿងសស្ត្រាវុធរបស់គេរៀងខ្លួន ចាប់តាំងពីខាងស្តាំព្រះវិហារ រហូតទៅដល់ខាងឆ្វេង ក្បែរអាសនា និងព្រះវិហារ
11 នោះគេនាំព្រះរាជបុត្រានៃស្តេចចេញមក បំពាក់មកុដលើទ្រង់ ហើយថ្វាយសេចក្ដីបន្ទាល់ រួចតាំងទ្រង់ឡើងជាស្តេច ឯយេហូយ៉ាដា និងពួកកូនលោកក៏ចាក់ប្រេងថ្វាយទ្រង់ ហើយពោលថា សូមឲ្យព្រះរាជាបានប្រកប ដោយសេចក្ដីចំរើនចុះ។