8 ដូច្នេះ ពួកលេវី និងពួកយូដាទាំងអស់គ្នា ក៏ធ្វើតាមបង្គាប់យេហូយ៉ាដា ដ៏ជាសង្ឃគ្រប់ជំពូក គេនាំយកពួកគេរៀងខ្លួន ទាំងពួកដែលត្រូវចូលនៅថ្ងៃឈប់សំរាក និងពួកដែលចេញនៅថ្ងៃឈប់សំរាកដែរ ដ្បិតយេហូយ៉ាដា ដ៏ជាសង្ឃ លោកមិនឲ្យពួកវេនណាឈប់ទេ
9 លោកប្រគល់លំពែង និងខែលធំតូច ជារបស់ស្តេចដាវីឌពីដើម ដែលទុកនៅក្នុងព្រះវិហារនៃព្រះ ដល់ពួកមេទ័ព
10 រួចលោកដាក់មនុស្សទាំងអស់ឲ្យឈរព័ទ្ធនៅជុំវិញស្តេច ទាំងកាន់គ្រឿងសស្ត្រាវុធរបស់គេរៀងខ្លួន ចាប់តាំងពីខាងស្តាំព្រះវិហារ រហូតទៅដល់ខាងឆ្វេង ក្បែរអាសនា និងព្រះវិហារ
11 នោះគេនាំព្រះរាជបុត្រានៃស្តេចចេញមក បំពាក់មកុដលើទ្រង់ ហើយថ្វាយសេចក្ដីបន្ទាល់ រួចតាំងទ្រង់ឡើងជាស្តេច ឯយេហូយ៉ាដា និងពួកកូនលោកក៏ចាក់ប្រេងថ្វាយទ្រង់ ហើយពោលថា សូមឲ្យព្រះរាជាបានប្រកប ដោយសេចក្ដីចំរើនចុះ។
12 លុះកាលព្រះនាងអ័ថាលា បានឮសូរអឺងកងពីពួកបណ្តាជន ដែលរត់ទៅមកទាំងសរសើរដល់ស្តេច នោះព្រះនាងក៏យាងចូលទៅឯគេ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា
13 ព្រះនាងទតទៅ ឃើញស្តេចទ្រង់ឈរនៅលើទីថ្កល់ត្រង់ផ្លូវចូល ព្រមទាំងពួកមេទ័ព និងពួកផ្លុំត្រែនៅអមទ្រង់ ឯពួកអ្នកស្រុកទាំងអស់គ្នា គេមានសេចក្ដីអំណរ ហើយផ្លុំត្រែឡើង ពួកចំរៀងក៏កាន់ប្រដាប់ភ្លេង ហើយនាំមុខគេច្រៀងទំនុកសរសើរ នោះព្រះនាងក៏ហែកព្រះពស្ត្រ ដោយព្រះបន្ទូលថា នេះជាការក្បត់ គឺជាការក្បត់ហើយ
14 ឯយេហូយ៉ាដាដ៏ជាសង្ឃ លោកនាំពួកមេ ដែលត្រួតលើកងទ័ពចេញមកប្រាប់ថា ចូរនាំព្រះនាងចេញទៅក្រៅទៅ ហើយបើអ្នកណាតាមព្រះនាង នោះត្រូវសំឡាប់គេចោលចេញ ដ្បិតលោកបានហាមថា កុំឲ្យសំឡាប់ព្រះនាង នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ