19 ប៉ុន្តែទ្រង់ក៏ចាត់ពួកហោរាទៅឯគេដែរ ដើម្បីនឹងទាញនាំគេមកឯព្រះយេហូវ៉ាវិញ ឯពួកហោរានោះ លោកក៏ចាប់ទោសគេ តែគេមិនព្រមទទួលស្តាប់ឡើយ។
20 គ្រានោះ ព្រះវិញ្ញាណនៃព្រះទ្រង់មកសណ្ឋិតលើសាការី ជាកូនយេហូយ៉ាដាដ៏ជាសង្ឃ លោកឈរនៅមុខបណ្តាជនពោលថា ព្រះទ្រង់មានព្រះបន្ទូលដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នា រំលងអស់ទាំងក្រឹត្យក្រម នៃព្រះយេហូវ៉ា ដូច្នេះ ធ្វើយ៉ាងនោះមិនចំរើនទេ គឺដោយព្រោះអ្នករាល់គ្នាបានបោះបង់ចោលព្រះយេហូវ៉ាចេញ បានជាទ្រង់បោះបង់ចោលអ្នករាល់គ្នាដែរ
21 តែគេរួមគំនិតគ្នាគិតប្រទូស្តនឹងលោកវិញ ក៏ចោលលោកនឹងថ្ម នៅក្នុងទីលានព្រះវិហារនៃព្រះយេហូវ៉ា តាមបង្គាប់ស្តេច
22 គឺយ៉ាងនោះ ដែលស្តេចយ៉ូអាសបានរមឹលគុណរបស់យេហូយ៉ាដា ជាឪពុកសាការី ដែលលោកបានផ្តល់ចំពោះទ្រង់ គឺទ្រង់បានសំឡាប់កូនលោកវិញ កាលសាការីហៀបនឹងស្លាប់ទៅនោះក៏ពោលថា សូមឲ្យព្រះយេហូវ៉ាទ្រង់ទតមើល ហើយសំរេចតាមយុត្តិធម៌ចុះ។
23 ដល់ចុងឆ្នាំនោះឯង នោះកងទ័ពសាសន៍ស៊ីរី គេឡើងមកច្បាំងនឹងទ្រង់ គេលុកចូលមកក្នុងស្រុកយូដា និងក្រុងយេរូសាឡិម ក៏បំផ្លាញពួកដែលជាប្រធាន ក្នុងបណ្តាជនទាំងអស់ទៅ ហើយអស់ទាំងរបឹបដែលគេចាប់បាននោះគេផ្ញើទៅថ្វាយដល់ស្តេចក្រុងដាម៉ាស
24 ពួកពលទ័ពស៊ីរីបានមកមានគ្នាតែបន្តិចទេ តែព្រះយេហូវ៉ាទ្រង់ប្រគល់ពលទ័ពយ៉ាងសន្ធឹក ទៅក្នុងកណ្តាប់ដៃគេ ដោយព្រោះពួកខាងយ៉ូអាសបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោខ្លួនហើយ គឺយ៉ាងនោះដែលបានសំរេចទោសដល់យ៉ូអាស។
25 កាលពួកស៊ីរីបានថយចេញពីទ្រង់ទៅ ទុកទ្រង់ឲ្យនៅទាំងឈឺខ្លាំង នោះពួកមហាតលិកទ្រង់មានគំនិតគិតក្បត់ចំពោះទ្រង់ ដោយព្រោះឈាមនៃកូនយេហូយ៉ាដាដ៏ជាសង្ឃ ក៏ធ្វើគត់ទ្រង់ដែលកំពុងផ្ទំលើបន្ទំទី គេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ តែមិនមែនក្នុងផ្នូររបស់ពួកស្តេចទេ