២ របាក្សត្រ 25:1-6 KHOV

1 ឯ​អ័ម៉ា‌ស៊ីយ៉ា កាល​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​បាន​២៩​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​យ៉ូអា‌ដាន ជា​អ្នក​ក្រុង​យេរូ‌សាឡិម

2 ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តែ​មិន​មែន​ដោយ​ព្រះ‌ទ័យ​ស្មោះ​ចំពោះ​ទេ

3 កាល​រាជ្យ​បាន​តាំង​នៅ​ជាប់ ក្នុង​អំណាច​ទ្រង់​ហើយ នោះ​ទ្រង់​ក៏​សំឡាប់​ពួក​បំរើ​ដែល​បាន​ធ្វើ​គុត​ស្តេច ជា​ព្រះ‌បិតា​ទ្រង់​ទៅ

4 តែ​មិន​បាន​សំឡាប់​កូន​ចៅ​គេ​ទេ គឺ​បាន​ធ្វើ​តាម​សេចក្ដី​ដែល​ចែង​ទុក​មក ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​វិញ ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បញ្ញត្ត​ថា ឪពុក​មិន​ត្រូវ​ស្លាប់​ដោយ​ព្រោះ​កូន ឬ​កូន​ដោយ​ព្រោះ​ឪពុក​ឡើយ គឺ​គ្រប់​គ្នា​ត្រូវ​ស្លាប់ ដោយ​ព្រោះ​អំពើ​បាប​របស់​ខ្លួន​រៀង​ខ្លួន​វិញ។

5 មួយ​ទៀត អ័ម៉ា‌ស៊ីយ៉ា​ទ្រង់​ប្រមូល​ពួក​យូដា ឲ្យ​មូល​គ្នា រួម​ផ្គុំ​គេ​តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ នៅ​ក្រោម​អំណាច​នៃ​មេ​លើ​១​ពាន់​នាក់ និង​មេ​លើ​១​រយ​នាក់ គឺ​ទាំង​ពួក​យូដា និង​ពួក​បេន‌យ៉ា‌មីន​ទាំង​អស់​ផង ក៏​រាប់​គេ​ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ឃើញ​មាន​មនុស្ស​ជ្រើស‌រើស​៣​សែន​នាក់ ដែល​សុទ្ធ​តែ​អាច​នឹង​ទៅ​ច្បាំង​បាន ហើយ​ចេះ​កាន់​លំពែង និង​ខែល​ផង

6 ទ្រង់​ក៏​ជួល​មនុស្ស​ខ្លាំង​ពូកែ​មាន​ចិត្ត​ក្លាហាន ពី​ស្រុក​អ៊ីស្រា‌អែល បាន​ចំនួន​១​សែន​នាក់ អស់​ដំឡៃ​ជា​ប្រាក់​១០០​ហាប