11 ឯអ័ម៉ាស៊ីយ៉ាទ្រង់មានព្រះទ័យក្លាឡើង ក៏លើកទ័ពចេញទៅឯច្រកភ្នំអំបិល ប្រហារសំឡាប់ពួកកូនចៅសៀរអស់១ម៉ឺននាក់
12 ហើយ១ម៉ឺនទៀត ពួកកូនចៅយូដា ក៏ចាប់ទាំងរស់ដឹកនាំទៅឯកំពូលថ្មភ្នំ បោះទំលាក់ទៅក្រោមឲ្យបាក់បែកខ្ទេចខ្ទីអស់ទៅ
13 តែឯពួកទ័ពដែលអ័ម៉ាស៊ីយ៉ាបានឲ្យទៅវិញ មិនឲ្យទៅច្បាំងជាមួយនោះ គេក៏ចូលទៅវាយទីក្រុងស្រុកយូដាទាំងប៉ុន្មាន ចាប់តាំងពីស្រុកសាម៉ារីរហូតដល់ក្រុងបេត-ហូរ៉ុន ប្រហារសំឡាប់មនុស្សអស់៣ពាន់នាក់ ហើយចាប់យករបឹបបានជាច្រើនដែរ។
14 រីឯអ័ម៉ាស៊ីយ៉ា កាលទ្រង់ត្រឡប់មក ពីការប្រហារសំឡាប់ពួកអេដំមវិញ នោះទ្រង់នាំយកអស់ទាំងព្រះរបស់ពួកកូនចៅសៀរមក តាំងឡើងជាព្រះរបស់ទ្រង់ ក៏ក្រាបថ្វាយបង្គំ ហើយដុតកំញានថ្វាយដល់ព្រះទាំងអស់នោះ
15 ហេតុនោះសេចក្ដីក្រេវក្រោធរបស់ព្រះយេហូវ៉ាបានឆួលឡើង ទាស់នឹងអ័ម៉ាស៊ីយ៉ា ក៏ចាត់ហោរាម្នាក់ឲ្យទៅឯទ្រង់ទូលថា ម្តេចក៏ទ្រង់រកតាមព្រះរបស់សាសន៍នោះ ដែលមិនអាចនឹងជួយពួកគេ ឲ្យរួចពីកណ្តាប់ព្រះហស្តទ្រង់ផងដូច្នេះ
16 គ្រាកាលលោកកំពុងតែទូលនឹងស្តេចនៅឡើយ នោះទ្រង់មានព្រះបន្ទូលកាត់ថា តើយើងបានតាំងឯង ឲ្យធ្វើជាអ្នកជួយគំនិតស្តេចឬ ចូរនៅស្ងៀមទៅ ឯងចង់ឲ្យគេប្រហារឯងបង់ធ្វើអី ដូច្នេះ លោកក៏លែងពោល ដោយពាក្យនេះថា ទូលបង្គំដឹងពិតថា ព្រះទ្រង់បានសំរេចនឹងបំផ្លាញព្រះករុណាទៅ ដោយព្រោះបានធ្វើអំពើយ៉ាងនេះ ហើយមិនស្តាប់តាមសេចក្ដីដាស់តឿនរបស់ទូលបង្គំ។
17 នៅគ្រានោះ អ័ម៉ាស៊ីយ៉ា ជាស្តេចយូដា ទ្រង់ទទួលព្រមតាមសេចក្ដីប្រឹក្សារបស់គេ ក៏ចាត់សារឲ្យទៅឯយ៉ូអាហាស ដែលជាបុត្រាយេហ៊ូវ ស្តេចពួកអ៊ីស្រាអែលថា ចូរចេញមក យើងមើលមុខគ្នា