២ របាក្សត្រ 28:16-22 KHOV

16 នៅ​គ្រា​នោះ ស្តេច​អ័ហាស​ទ្រង់​ចាត់​សារ​ទៅ សូម​ឲ្យ​ពួក​ស្តេច​ស្រុក​អាស‌ស៊ើរ​មក​ជួយ

17 ពី​ព្រោះ​ពួក​អេដំម​បាន​មក​វាយ​ស្រុក​យូដា​ម្តង​ទៀត ព្រម​ទាំង​នាំ​មនុស្ស​ទៅ​ជា​ឈ្លើយ​ផង

18 ឯ​ពួក​ភីលីស្ទីន​គេ​ក៏​បាន​លុក‌លុយ​ចូល​ទី​ក្រុង​ទាំង​ប៉ុន្មាន នៅ​ស្រុក​ទំនាប ហើយ​នឹង​ប៉ែក​ស្រុក​យូដា​ខាង​ត្បូង គេ​វាយ​យក​បាន​ក្រុង​បេត-សេមែស ក្រុង​អាយ៉ា‌ឡូន ក្រុង​កេដេរ៉ូត ក្រុង​សូគរ និង​តំបន់​នៅ​ជុំវិញ​ក្រុង​ធីមណា និង​តំបន់​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​គីមសូរ និង​តំបន់​នៅ​ជុំវិញ​ផង រួច​គេ​ក៏​អាស្រ័យ​នៅ​ទី​ក្រុង​ទាំង​នោះ

19 ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​នាំ​ឲ្យ​ពួក​យូដា​បាន​ទាប​ថោក​ដោយ​ព្រោះ​អ័ហាស ស្តេច​សាសន៍​អ៊ីស្រា‌អែល ពី​ព្រោះ​ស្តេច​បាន​នាំ​ឲ្យ​ពួក​យូដា លែង​មាន​សេចក្ដី​ទប់​ចិត្ត​ខ្លាច​បាប ហើយ​បាន​ប្រព្រឹត្ត​រំលង​ល្មើស​យ៉ាង​ធំ ចំពោះ​ព្រះ‌យេហូវ៉ា

20 គ្រា​នោះ ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ​ក៏​មក​ឯ​ទ្រង់ តែ​មិន​បាន​ជួយ​ចំរើន​កំឡាំង​ទ្រង់​ទេ គឺ​បាន​ធ្វើ​ឲ្យ​ទ្រង់​មាន​សេចក្ដី​លំបាក​វិញ

21 ដ្បិត​អ័ហាស​បាន​បែង​យក​ចំណែក ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ពី​ព្រះ‌រាជ‌ដំណាក់ ហើយ​ពី​ពួក​ចៅ‌ហ្វាយ ទៅ​ថ្វាយ​ដល់​ស្តេច​អាស‌ស៊ើរ តែ​ការ​នោះ​ក៏​មិន​បាន​ជួយ​ដល់​ទ្រង់​ដែរ។

22 ហើយ​នៅ​គ្រា​ដែល​មាន​សេចក្ដី​ទុក្ខ​វេទនា នោះ​ស្តេច គឺ​អ័ហាស​នេះ​ឯង ទ្រង់​បាន​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា​ថែម​ទៀត