1 រីឯកាលហេសេគាចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន២៩ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា អ័ប៊ីយ៉ាជាបុត្រីសាការី
2 ទ្រង់បានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលដាវីឌជាអយ្យកោទ្រង់បានធ្វើដែរ
3 នៅខែចេត្រ ក្នុងឆ្នាំទី១នៃរាជ្យទ្រង់ នោះទ្រង់ក៏បើកទ្វារព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងជួសជុលទ្វារទាំងនោះឡើងវិញផង
4 រួចទ្រង់នាំពួកសង្ឃ និងពួកលេវីមកឲ្យមូលគ្នា នៅទីធ្លាខាងកើត
5 មានព្រះបន្ទូលថា ឱពួកលេវីអើយ ចូរស្តាប់តាមយើងចុះ ឥឡូវនេះ ចូរអ្នករាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ព្រមទាំងនាំយករបស់ស្មោកគ្រោកចេញពីទីបរិសុទ្ធ ហើយញែកព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោអ្នករាល់គ្នាចេញជាបរិសុទ្ធដែរ
6 ដ្បិតបិតាទាំងឡាយរបស់យើងរាល់គ្នាបានរំលង ដោយប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃយើង ព្រមទាំងបោះបង់ចោលទ្រង់ ហើយងាកមុខចេញពីទីលំនៅនៃព្រះយេហូវ៉ា បែរខ្នងទៅឲ្យវិញ