10 ឥឡូវនេះ យើងមានចិត្តចង់តាំងសញ្ញានឹងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យសេចក្ដីក្រោធដ៏សហ័សរបស់ទ្រង់បានបែរចេញពីយើងរាល់គ្នាទៅ
11 ដូច្នេះ ឱកូនទាំងឡាយអើយ កុំឲ្យធ្វេសប្រហែសឡើយ ដ្បិតព្រះយេហូវ៉ាបានរើសអ្នករាល់គ្នា ឲ្យឈរធ្វើការងារនៅចំពោះទ្រង់ ហើយឲ្យបានទទួលភ្នាក់ងារ ជាអ្នកដុតកំញានរបស់ទ្រង់។
12 នោះពួកលេវីក៏ប្រុងប្រៀបខ្លួន គឺក្នុងពួកកូនចៅកេហាត់ មានម៉ាហាត ជាកូនអ័ម៉ាសាយ និងយ៉ូអែល ជាកូនអ័សារា ក្នុងពួកកូនចៅម្រ៉ារី មានគីស ជាកូនអាប់ឌី និងអ័សារា ជាកូនយេហាលែល ហើយក្នុងពួកគើសុនមានយ៉ូអា ជាកូនស៊ីម៉្មា និងអេដែន ជាកូនយ៉ូអា
13 ក្នុងពួកកូនចៅអេលីសាផាន មានស៊ីមរី និងយីអែល ក្នុងពួកកូនចៅអេសាភ មានសាការី និងម៉ាថានា
14 ក្នុងពួកកូនចៅហេម៉ាន មានយីអែល និងស៊ីម៉ាយ ក្នុងពួកកូនចៅយេឌូថិន មានសេម៉ាយ៉ា និងអ៊ូស៊ាល
15 អ្នកទាំងនោះក៏ប្រមូលពួកបងប្អូនគេ ហើយញែកខ្លួនចេញជាបរិសុទ្ធ រួចចូលទៅសំអាតព្រះវិហារនៃព្រះយេហូវ៉ា តាមព្រះបន្ទូលនៃព្រះយេហូវ៉ាដោយសារស្តេច
16 ពួកសង្ឃគេចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាប៉ែកខាងក្នុង ដើម្បីនឹងសំអាតទីនោះ ក៏នាំយករបស់ស្មោកគ្រោកទាំងអស់ ដែលឃើញមានក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចេញមកឯទីលានព្រះវិហារ រួចពួកលេវីនាំគ្នាជញ្ជូនពីទីនោះ យកទៅចោលនៅត្រង់ជ្រោះកេដ្រុន