1 ហេសេគាក៏ចាត់គេ ឲ្យទៅឯពួកអ៊ីស្រាអែល ហើយនឹងពួកយូដាទាំងអស់ ក៏ផ្ញើព្រះរាជសាសន៍ដល់ពួកអេប្រាអិម និងពួកម៉ាន៉ាសេ ឲ្យមកឯព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម ដើម្បីនឹងធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
2 ដ្បិតស្តេចនឹងពួកអ្នកជាប្រធាន ហើយនឹងពួកជំនុំទាំងអស់គ្នា ដែលនៅក្រុងយេរូសាឡិម បានប្រឹក្សាសំរេចនឹងធ្វើបុណ្យរំលងនៅខែទី២
3 ពីព្រោះគេធ្វើនៅវេលានោះឯងពុំបាន ដោយព្រោះពួកសង្ឃមិនទាន់ញែកខ្លួនចេញជាបរិសុទ្ធ ឲ្យបានគ្នាល្មមនៅឡើយ ហើយពួកបណ្តាជនក៏មិនទាន់បានមូលគ្នានៅក្រុងយេរូសាឡិមផង
4 តែដំណើរនោះ ស្តេចព្រមទាំងពួកជំនុំទាំងអស់គ្នា ក៏យល់ឃើញថាត្រឹមត្រូវដែរ
5 ដូច្នេះ ក៏ចេញច្បាប់ ឲ្យប្រកាសប្រាប់ នៅពេញក្នុងស្រុកអ៊ីស្រាអែល ចាប់តាំងពីក្រុងបៀរ-សេបា រហូតដល់ក្រុងដាន់ឲ្យមកធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នៅក្រុងយេរូសាឡិម ដ្បិតជាយូរយារមកហើយ គេមិនបានធ្វើបុណ្យនោះ ដូចជាមានសេចក្ដីចែងទុកមកនោះទេ
6 ដូច្នេះ ពួករត់សំបុត្រក៏ទទួលយកសំបុត្រពីព្រះហស្តស្តេច និងពីពួកអ្នកជាប្រធាន ចេញទៅពេញក្នុងស្រុកអ៊ីស្រាអែល និងស្រុកយូដា តាមបង្គាប់ស្តេចដោយពាក្យថា ពួកកូនចៅអ៊ីស្រាអែលអើយ ចូរត្រឡប់មកឯព្រះយេហូវ៉ា ជាព្រះនៃអ័ប្រាហាំ នៃអ៊ីសាក និងអ៊ីស្រាអែលវិញ ដើម្បីឲ្យទ្រង់បានវិលមកឯសំណល់ពួកអ្នករាល់គ្នា ដែលបានរួចពីកណ្តាប់ដៃនៃពួកស្តេចស្រុកអាសស៊ើរ
7 កុំឲ្យអ្នករាល់គ្នាធ្វើដូចជាពួកឪពុក និងពួកបងប្អូនអ្នករាល់គ្នា ដែលរំលងនឹងព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ ដល់ម៉្លេះបានជាទ្រង់បោះបង់ចោលគេឲ្យត្រូវវិងស៊ុង ដូចជាឯងរាល់គ្នាបានឃើញស្រាប់នោះឡើយ