២ របាក្សត្រ 31:15-21 KHOV

15 នៅ​ក្រោម​អំណាច​លោក នោះ​មាន​អេដែន មីនយ៉ា‌មីន យេសួរ សេម៉ាយ៉ា អ័ម៉ារា និង​សេកានា ដែល​នៅ​អស់​ទាំង​ទី​ក្រុង​របស់​ពួក​សង្ឃ ជា​អ្នក​ចែក​ដល់​បង​ប្អូន​គេ​ទាំង​ធំ​ទាំង​តូច តាម​វេន​ឲ្យ​ស្មើ​គ្នា ដោយ​ចិត្ត​ស្មោះ‌ត្រង់

16 គឺ​ជា​ពួក​ប្រុសៗ​ដែល​បាន​កត់​ក្នុង​បញ្ជី ចាប់​តាំង​ពី​អាយុ​៣​ឆ្នាំ​ឡើង​ទៅ​លើ ជា​ពួក​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​តែ​ត្រូវ​ការ​រាល់​តែ​ថ្ងៃ សំរាប់​ការ‌ងារ​ដែល​ផ្ញើ​ទុក​នឹង​គេ​តាម​វេន​រៀង​ខ្លួន

17 និង​ពួក​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវតារ​នៃ​ពួក​សង្ឃ​តាម​វង្ស​របស់​ឪពុក​គេ ហើយ​នឹង​ពួក​លេវី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ តាម​ការ‌ងារ តាម​វេន​គេ

18 ព្រម​ទាំង​ពួក​អ្នក​ដែល​បាន​រាប់ តាម​ពង្សាវតារ​នៃ​ពួក​កូន​តូចៗ ប្រពន្ធ និង​កូន​ប្រុស កូន​ស្រី​របស់​គេ នៅ​គ្រប់​ក្នុង​ពួក​ជំនុំ ដ្បិត​អ្នក​ទាំង​នោះ​បាន​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ខំ​ធ្វើ​ការ‌ងារ​នោះ​ដោយ​ឥត​សៅ‌ហ្មង

19 ហើយ​ចំណែក​ពួក​កូន​ចៅ​អើរ៉ុន ជា​ពួក​សង្ឃ​ដែល​នៅ​ចំការ ក្នុង​ក្រវល់​ជុំវិញ​ទី​ក្រុង​របស់​គេ នោះ​មាន​មនុស្ស​ដែល​បាន​ចេញ​ឈ្មោះ​ជា​ស្រេច នៅ​គ្រប់​ទាំង​ទី​ក្រុង ទុក​សំរាប់​នឹង​ចែក​ចំណែក​ឲ្យ​ដល់​ពួក​ប្រុសៗ​ក្នុង​ពួក​សង្ឃ​នោះ និង​ដល់​អស់​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវតារ​ពួក​លេវី។

20 ហេសេគា​ទ្រង់​បាន​ធ្វើ​ដូច្នោះ នៅ​គ្រប់​ក្នុង​ស្រុក​យូដា ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ល្អ​ត្រឹម‌ត្រូវ ហើយ​ស្មោះ‌ត្រង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់

21 ហើយ​គ្រប់​ទាំង​ការ​ដែល​ទ្រង់​ចាប់​តាំង​ធ្វើ​សំរាប់​ការ‌ងារ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ និង​ខាង​ឯ​ក្រឹត្យ‌វិន័យ ហើយ​បញ្ញត្ត​ទាំង​ប៉ុន្មាន​ផង ដើម្បី​នឹង​ស្វែង​រក​តាម​ព្រះ​នៃ​ទ្រង់ នោះ​ទ្រង់​ក៏​បាន​ធ្វើ​ដោយ​អស់​ពី​ព្រះ‌ទ័យ ហើយ​បាន​ចំរើន​ដែរ។