២ របាក្សត្រ 32:1-7 KHOV

1 ក្រោយ​គ្រប់​ទាំង​ការ ជា​អំពើ​ស្មោះ‌ត្រង់​ទាំង​នោះ​មក នោះ​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ទ្រង់​ទន្ទ្រាន​ចូល​មក​ក្នុង​ស្រុក​យូដា បោះ​ទ័ព​ច្បាំង និង​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ ដោយ​ប្រាថ្នា​ចង់​ចាប់​យក​ទី​ក្រុង​ទាំង​នោះ

2 កាល​ហេសេគា​ទ្រង់​ឃើញ​ថា សាន‌ហេ‌រីប​បាន​មក​ដូច្នោះ ហើយ​មុខ​ជា​គិត​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម​ដែរ

3 នោះ​ទ្រង់​ក៏​ប្រឹក្សា​នឹង​ពួក​អ្នក​ជា​ប្រធាន ហើយ​នឹង​ពួក​មនុស្ស​ខ្លាំង​ពូកែ​របស់​ទ្រង់ សំរេច​នឹង​ទប់​ប្រឡាយ​ទឹក​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​ក្រៅ​ទី​ក្រុង ហើយ​ពួក​អ្នក​ទាំង​នោះ​ក៏​ជួយ

4 គេ​ប្រមូល​មនុស្ស​ជា​ច្រើន​មក​ទប់​អស់​ទាំង​ប្រឡាយ​ទឹក និង​ជ្រោះ​ទឹក​ដែល​ហូរ​កាត់​ស្រុក​នោះ ដោយ​និយាយ​គ្នា​ថា នឹង​ទុក​ឲ្យ​ពួក​ស្តេច​អាស‌ស៊ើរ​មក​ដល់​ទី​នេះ​ឃើញ​មាន​ទឹក​ជា​ច្រើន​ធ្វើ​អី

5 ទ្រង់​មាន​ព្រះ‌ទ័យ​ក្លា​ឡើង​ក៏​សង់​កំផែង​ដែល​បាក់​បែក​ឡើង​វិញ ហើយ​ឲ្យ​ស្មើ​នឹង​ប៉ម​ទាំង​ប៉ុន្មាន ព្រម​ទាំង​សង់​កំផែង​មួយ​ទៀត នៅ​ខាង​ក្រៅ ហើយ​ធ្វើ​ឲ្យ​ប៉ម​មីឡូរ ដែល​នៅ​ក្នុង​ក្រុង​ដាវីឌ បាន​មាំ‌មួន​ឡើង​ផង ក៏​ធ្វើ​គ្រឿង​សស្ត្រា‌វុធ និង​ខែល​ជា​បរិបូរ

6 ទ្រង់​តាំង​ឲ្យ​មាន​មេ​ក្រសួង​សឹក​ត្រួត​លើ​បណ្តា‌ជន ក៏​ប្រមូល​ជន​ទាំង‌ឡាយ​មក​ឯ​ទ្រង់ នៅ​ទីធ្លា​ត្រង់​មាត់​ទ្វារ​ទី​ក្រុង មាន​ព្រះ‌បន្ទូល​កំសាន្ត​ចិត្ត​គេ​ថា

7 ចូរ​មាន​កំឡាំង​ឡើង ហើយ​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ភ័យ​ខ្លាច ឬ​ស្រយុត​ចិត្ត ដោយ​ព្រោះ​ស្តេច​អាស‌ស៊ើរ និង​ពួក​ពល​ទាំង​ហ្វូង ដែល​មក​ជា​មួយ​នោះ​ឡើយ ដ្បិត​នៅ​ខាង​យើង មាន​១​អង្គ​ដែល​ពូកែ​ជាង​ពួក​គេ​ទៅ​ទៀត