២ របាក្សត្រ 32:21-27 KHOV

21 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ទេវតា​ឲ្យ​មក​បំផ្លាញ​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ក្នុង​ទី​បោះ​ទ័ព​របស់​ស្តេច​អាស‌ស៊ើរ ព្រម​ទាំង​ពួក​អ្នក​នាំ​មុខ និង​ពួក​មេ‌ទ័ព​ទាំង​អស់​ទៅ នោះ​ស្តេច​ទ្រង់​ក៏​វិល​ទៅ​ឯ​នគរ​របស់​ទ្រង់​វិញ ដោយ​សេចក្ដី​អៀន‌ខ្មាស ហើយ​កាល​ទ្រង់​បាន​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ទ្រង់ នោះ​បុត្រ​បង្កើត​របស់​ទ្រង់​ក៏​ធ្វើ​គុត​ទ្រង់ ដោយ​ដាវ​នៅ​ទី​នោះ

22 គឺ​យ៉ាង​នោះ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​សង្គ្រោះ​ហេសេគា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ហើយ​ពី​កណ្តាប់​ដៃ​នៃ​សត្រូវ​ឯ​ទៀត ព្រម​ទាំង​ការ‌ពារ​គេ​នៅ​គ្រប់​ទិស​ផង

23 ក៏​មាន​មនុស្ស​ជា​ច្រើន​នាំ​យក​ដង្វាយ​មក ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម និង​របស់​មាន​ដំឡៃ​ផ្សេងៗ ថ្វាយ​ដល់​ហេសេគា​ជា​ស្តេច​យូដា​ដែរ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​បាន​ថ្កុំ‌ថ្កើង​ឡើង​នៅ​ភ្នែក​នៃ​អស់​ទាំង​សាសន៍​ដទៃ​ត​រៀង​ទៅ។

24 នៅ​គ្រា​នោះ ហេសេគា​ទ្រង់​ចាប់​ប្រឈួន​ជា​ធ្ងន់​ហៀប​នឹង​សុគត តែ​ទ្រង់​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក ព្រម​ទាំង​ប្រាប់​ទី​សំគាល់​ដល់​ស្តេច

25 ប៉ុន្តែ​ហេសេគា​ទ្រង់​មិន​បាន​សង​ព្រះ‌គុណ​តាម​ដែល​ព្រះ​បាន​ប្រោស​ដល់​ទ្រង់​នោះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ‌ទ័យ​កំរើក​ធំ​ឡើង បាន​ជា​មាន​សេចក្ដី​ក្រោធ​មក​គ្រប​លើ​ទ្រង់ និង​ពួក​យូដា ហើយ​ពួក​ក្រុង​យេរូ‌សាឡិម​វិញ

26 ប៉ុន្តែ​ហេសេគា​ទ្រង់​បាន​បន្ទាប​ព្រះ‌ទ័យ​ចុះ ពី​ការ​ដែល​មាន​ចិត្ត​ធំ​នោះ​ទៅ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ផង បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​មិន​បាន​ធ្លាក់​មក​លើ​គេ នៅ​ក្នុង​គ្រា​ហេសេគា​ឡើយ។

27 ឯ​ហេសេគា ទ្រង់​មាន​ព្រះ‌រាជ‌ទ្រព្យ និង​កិត្តិ‌នាម​យ៉ាង​ក្រៃលែង ទ្រង់​បាន​ធ្វើ​ឃ្លាំង​សំរាប់​ដាក់​ប្រាក់ មាស ត្បូង​មាន​ដំឡៃ គ្រឿង​ក្រអូប និង​ខែល ហើយ​នឹង​គ្រឿង​ប្រដាប់​ល្អ​គ្រប់​មុខ