២ របាក្សត្រ 32:23-29 KHOV

23 ក៏​មាន​មនុស្ស​ជា​ច្រើន​នាំ​យក​ដង្វាយ​មក ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម និង​របស់​មាន​ដំឡៃ​ផ្សេងៗ ថ្វាយ​ដល់​ហេសេគា​ជា​ស្តេច​យូដា​ដែរ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​បាន​ថ្កុំ‌ថ្កើង​ឡើង​នៅ​ភ្នែក​នៃ​អស់​ទាំង​សាសន៍​ដទៃ​ត​រៀង​ទៅ។

24 នៅ​គ្រា​នោះ ហេសេគា​ទ្រង់​ចាប់​ប្រឈួន​ជា​ធ្ងន់​ហៀប​នឹង​សុគត តែ​ទ្រង់​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក ព្រម​ទាំង​ប្រាប់​ទី​សំគាល់​ដល់​ស្តេច

25 ប៉ុន្តែ​ហេសេគា​ទ្រង់​មិន​បាន​សង​ព្រះ‌គុណ​តាម​ដែល​ព្រះ​បាន​ប្រោស​ដល់​ទ្រង់​នោះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ‌ទ័យ​កំរើក​ធំ​ឡើង បាន​ជា​មាន​សេចក្ដី​ក្រោធ​មក​គ្រប​លើ​ទ្រង់ និង​ពួក​យូដា ហើយ​ពួក​ក្រុង​យេរូ‌សាឡិម​វិញ

26 ប៉ុន្តែ​ហេសេគា​ទ្រង់​បាន​បន្ទាប​ព្រះ‌ទ័យ​ចុះ ពី​ការ​ដែល​មាន​ចិត្ត​ធំ​នោះ​ទៅ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ផង បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​មិន​បាន​ធ្លាក់​មក​លើ​គេ នៅ​ក្នុង​គ្រា​ហេសេគា​ឡើយ។

27 ឯ​ហេសេគា ទ្រង់​មាន​ព្រះ‌រាជ‌ទ្រព្យ និង​កិត្តិ‌នាម​យ៉ាង​ក្រៃលែង ទ្រង់​បាន​ធ្វើ​ឃ្លាំង​សំរាប់​ដាក់​ប្រាក់ មាស ត្បូង​មាន​ដំឡៃ គ្រឿង​ក្រអូប និង​ខែល ហើយ​នឹង​គ្រឿង​ប្រដាប់​ល្អ​គ្រប់​មុខ

28 ក៏​ធ្វើ​ឃ្លាំង​ដាក់​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង ព្រម​ទាំង​រោង​សំរាប់​ដាក់​សត្វ​គ្រប់​មុខ និង​ក្រោល​សំរាប់​ហ្វូង​ចៀម

29 ក៏​សង់​ទី​ក្រុង​ផ្សេងៗ​សំរាប់​ទ្រង់ ហើយ​មាន​ហ្វូង​គោ ហ្វូង​ចៀម​ជា​បរិបូរ ដ្បិត​ព្រះ​បាន​ប្រោស​ប្រទាន ឲ្យ​ទ្រង់​មាន​ទ្រព្យ‌សម្បត្តិ​ជា​ច្រើន​ណាស់