២ របាក្សត្រ 34:3-9 KHOV

3 ដ្បិត​នៅ​ឆ្នាំ​ទី​៨​ក្នុង​រាជ្យ​ទ្រង់ កាល​ទ្រង់​នៅ​ក្មេង​នៅ​ឡើយ នោះ​ទ្រង់​ក៏​ចាប់​តាំង​ស្វែង​រក​តាម​ព្រះ​នៃ​ដាវីឌ ជា​អយ្យកោ​ទ្រង់ លុះ​ដល់​ឆ្នាំ​ទី​១២ នោះ​ទ្រង់​ផ្តើម​ជំរះ​សំអាត​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ឲ្យ​រួច​ពី​អស់​ទាំង​ទី​ខ្ពស់ រូប​ព្រះ រូប​ឆ្លាក់ និង​រូប​សិត​ទាំង​ប៉ុន្មាន​ចេញ

4 គេ​ក៏​បំបាក់​បំបែក​អាស‌នា​ព្រះ‌បាល នៅ​ចំពោះ​ទ្រង់ ក៏​កាប់​រំលំ​រូប​ព្រះ‌អាទិត្យ​ដែល​នៅ​ខ្ពស់​ពី​លើ​គេ ព្រម​ទាំង​រូប​ព្រះ រូប​ឆ្លាក់ និង​រូប​សិត​ទាំង​ប៉ុន្មាន​ផង ហើយ​កិន​កំទេច​ជា​ផង់​ធូលី រួច​រោយ​រុះ​លើ​ផ្នូរ​ខ្មោច​របស់​ពួក​អ្នក​ដែល​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ

5 ទ្រង់​យក​ឆ្អឹង​ពួក​សង្ឃ​ទាំង​នោះ ទៅ​ដុត​លើ​អាស‌នា​របស់​គេ ដូច្នេះ​ទ្រង់​បាន​ជំរះ​សំអាត​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​រួច​ហើយ

6 ទ្រង់​ក៏​ធ្វើ​យ៉ាង​នោះ​នៅ​អស់​ទាំង​ទី​ក្រុង​របស់​ពួក​ម៉ាន៉ាសេ ពួក​អេប្រា‌អិម និង​ពួក​ស៊ីម្មាន រហូត​ដល់​ស្រុក​របស់​ពួក​ណែប‌ថាលី និង​កន្លែង​បាក់​បែក​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន​ដែរ

7 ក៏​រំលំ​អាស‌នា បំបាក់​បំបែក​រូប​ព្រះ និង​រូប​ឆ្លាក់​ឲ្យ​ទៅ​ជា​ផង់​ធូលី កាប់​រំលំ​អស់​ទាំង​រូប​ព្រះ‌អាទិត្យ​នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ចេញ រួច​ទ្រង់​វិល​ត្រឡប់​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។

8 លុះ​ដល់​ឆ្នាំ​ទី​១៨ ក្នុង​រាជ្យ​ទ្រង់ កាល​គេ​បាន​ជំរះ​សំអាត​ស្រុក និង​ព្រះ‌វិហារ​រួច​ជា​ស្រេច​ហើយ នោះ​ទ្រង់​ចាត់​សាផាន ជា​កូន​អ័សា‌លា ម្អាសេយ៉ា ជា​ចៅ‌ហ្វាយ​ទី​ក្រុង និង​យ៉ូអា កូន​យ៉ូអា‌ហាស ជា​អ្នក​តែង​ពង្សាវតារ ឲ្យ​ទៅ​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់

9 គេ​ក៏​ទៅ​ឯ​ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ ប្រគល់​ប្រាក់​ដែល​គេ​បាន​នាំ​យក​មក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ជា​ប្រាក់​ដែល​ពួក​លេវី​ជា​អ្នក​ឆ្មាំ​ទ្វារ បាន​ប្រមូល​ពី​ពួក​ម៉ាន៉ាសេ ពួក​អេប្រា‌អិម និង​សំណល់​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ហើយ​ពី​ពួក​យូដា ពួក​បេន‌យ៉ា‌មីន និង​ពួក​អ្នក​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ផង